ឯកឧត្តម គួច ចំរើន ចុះពិនិត្យសាលាមត្តេយសិក្សាសហគមន៍ នៅស្រុកព្រៃនប់ និងស្រុកកំពង់សិលា

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលសាលាមត្តេយ្យសិក្សាសហគមន៍ ចំនួន ៥ ក្នុងស្រុកចំនួន២ ក្នុងនោះក្នុងស្រុកព្រៃនប់ មាន ២កន្លែង គឺមត្តេយ្យសិក្សាសហគមន៍ ម៉ាអ៊ូ និងមត្តេយ្យសិក្សាសហគមន៍ ជ្រលង។ នៅស្រុកកំពង់សិលា មាន៣កន្លែងគឺមត្តេយ្យសិក្សាសហគមន៍ គីរីវ័ន្ត, មត្តេយ្យសិក្សាសហគមន៍ សម្តេចតា, និងមត្តេយ្យសិក្សាសហគមន៍ ចាំស្រី ។

ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍សំណេះ សំណាលសាកសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ដែលបានចូលរួម ព្រមទាំងធ្វើការណែនាំឱ្យថែទាំសុខភាព ជាប់ជាប្រចាំ ត្រូវលាងសម្អាតដៃឱ្យបានស្អាតល្អ ជាមួយសាប៊ូ និងទឹកស្អាត ឬ ជែល អាល់កុល បើចេញទៅក្រៅ ឬមានការជួបជុំត្រូវពាក់ម៉ាសការពារ និងរក្សាគម្លាតពីគ្នាដើម្បីរួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩ នៅក្នុងសហគមន៍របស់យើង ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់សាលាមត្តេយ្យសិក្សាសហគមន៍ទាំង៥ នូវសម្ភារសិក្សា និងថវិកាមួយចំនួន ព្រមទាំងផ្តល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមផងដែរ ៕ ដោយ៖ងូ សុមុនី