មូលនិធិបរិស្ថាន និងសង្គម ប្រគល់ធុងចម្រោះទឹកស្អាត ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

AKP​ ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានប្រគល់ធុងចម្រោះទឹកស្អាតចំនួនមួយគ្រឿង ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា ពិធីនោះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មានបរិស្ថាន និងឯកឧត្តមនាយក លោកនាយករង លោកគ្រូ និងអ្នកគ្រូ នៃវិទ្យាស្ថានកសិកម្មព្រែកលៀប។

ប្រភភពដដែលបន្តថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់គណ:គ្រប់គ្រងវិទ្យាស្ថាន ដែលបានគិតគូរដល់សុវត្ថិភាព និងសុខភាពបុគ្គលិក តាមរយៈការផ្តល់ទឹកស្អាតសម្រាប់បរិភោគ ការចូលរួមថែរក្សាបរិស្ថាន និងការចំណាយរបស់បុគ្គលិក សាស្រ្តាចារ្យ និងសិស្សនិសិត្ស ទៅលើការទិញទឹកបរិភោគ។

ទន្ទឹមនឹងនោះ ឯកឧត្តមនាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិបរិស្ថាន និងសង្គម តាមរយៈក្រសួងបរិស្ថាន ពិសេសឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានផ្តល់ធុងចម្រោះទឹកស្អាតនេះដល់វិទ្យាស្ថាន។

ឯកឧត្តមបានបញ្ជាក់ថា ធុងចម្រោះទឹកស្អាតនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិទ្យាស្ថានដូចជា៖ ១. កាត់បន្ថយការចំណាយថវិកា របស់បុគ្គលិក សាស្រ្តាចារ្យ និងសិស្សនិស្សិតក្នុងការទិញទឹកបរិភោគ ។ ២. ចូលរួមថែរក្សាបរិស្ថាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ៣. បុគ្គលិក សាស្រ្តាចារ្យ និងសិស្ស និស្សិត ទទួលបានទឹកស្អាតមានសុវត្ថិភាព សម្រាប់បរិភោគ ។ ៤. មានសុខភាពល្អ។

នេះជាធុងចម្រោះទឹកមួយ ក្នុងចំណោមធុងចម្រោះទឹកស្អាតចំនួន១១គ្រឿង ដែលត្រូវបានប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងវត្តអារាមផង ដោយមូលនិធិបរិស្ថាននិងសង្គម តាមរយៈក្រសួងបរិស្ថាន ៕

ដោយ៖ពេជ្រ ណារិទ្ធ