លោកជំទាវ ម៉ែន សំអន ប្រគល់អំណោយសប្បុរសធម៌កាកបាទក្រហមកម្ពុជា ដល់គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅខេត្តស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០–

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយកាកបាទក្រហម កម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ ដែលបណ្តាលឱ្យផ្ទះខូចខាត ទាំងស្រុង កាលពីថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវកាផ្តាំផ្ញើររបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានូវការសួរសុខទុក្ខដោយក្តី អាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅឋាន និងទ្រព្យ សម្បត្តិនាពេលនោះ។

ជាមួយគ្នានេះលោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការ ប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភព នៃគ្រោះថ្នាក់ចៀសវាង មានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។  អំណោយដែលបានចែកជូនគ្រួសាររងគ្រោះ ដោយអគ្គិភ័យមួយគ្រួសារកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នោះមាន អង្ករ៥០គីឡូក្រាម, កៅស៊ូតង់១, ធុងទឹកជ័រ១ ឆ្នាំងបាយសម្ល២, កន្ទេលបត់១, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, មុង១, ភួយ១, ក្រមា១, សារុង១ និងថវិកាមួយចំនួនទៀត។

លោកជំទាវ បានថ្លែងអំណរគុណដល់កងកម្លាំងស្នងការនគរបាលខេត្តស្វាយរៀង ដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គិភ័យកាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ហើយលោកជំទាវ ក៏បានជំរុញឱ្យនគរបាលគ្រប់មូលដ្ឋានបន្តរាល់សកម្មភាព បង្ការការពារ សង្គ្រោះប្រជាពលដែលជួបគ្រោះអាសន្ន ពិសេស ករណីអគ្គិភ័យនេះតែម្តង។

ជាមួយនោះ លោកជំទាវក៏បានក្រើនរម្លឹកដល់កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀងទាំងអស់ ត្រូវបន្តអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ដោយ សួស សំរិត