ការសន្យារបស់ប្រធានាធិបតី​រុស្សីថានឹងផ្តល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកសុខាភិបាលនៅមិនទាន់បានបំពេញ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ញីវយកថែម (២៦.០៥.២០)

​រុស្សី៖ កាលពីខែ មេសា ប្រធានាធិបតីរបស់ប្រទេសរុស្សី លោកវ្លាឌីមៀ ពូទីនបានសន្យាថា ​រដ្ឋាភិបាលរុស្សី
នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួនរហូតដល់ទៅ ១.១០០ ដុល្លាអាមេរិក ក្នុងមួយខែដល់បុគ្គលិកសុខាភិបាលម្នាក់ ៗ ដែលស្ថិតនៅជួរមុខក្នុងការប្រយុទ្ធទប់ទល់នឹងកូវីដ ១៩ ។

ប៉ុន្តែជាងមួយខែ បន្ទាប់ពីការសន្យានោះបុគ្គលិកសុខាភិបាលនៅមិនទាន់បានទទួលប្រាក់ឧបត្ថម្ភនោះនៅឡើយ ។ ផ្ទុយទៅវិញមានបុគ្គលិកសុខាភិបាលខ្លះ ត្រូវប៉ូលីស និងព្រះរាជអាជ្ញាទៅជួបដល់ផ្ទះ
ដើម្បីចង់ដឹងថាមូលហេតុអ្វីបានជាពួកគេចំាបាច់តវ៉ាជាសាធារណៈអំពីការមិនទាន់បានទទួលប្រាក់ឧបត្ថម្ភនោះ ។

នៅតំបន់ ក្រាសស្នូដា ភាគខាងត្បូងប្រទេសរុស្សី គ្រូពេទ្យដែលពលរដ្ឋក្នុងតំបន់នោះ គោរពសរសើរ
ត្រូវបានបញ្ឈប់ពីការងារបន្ទាប់ពីមន្រ្តីក្រោមឱវាទគាត់បាននំាគ្នាធ្វើការតវ៉ាជាទ្រង់ទ្រាយតូចមួយអំពីការមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភនោះ ។