ផ្សិតប៉ក់ ឫផ្សិតផូងផាំង ជាប្រភេទផ្សិតភ្នំ តែមានរសជាតិឆ្ងាញ់ និងលក់បានតម្លៃថ្លៃ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ —

ផ្សិតប៉ក់ ឫផ្សិតផូងផាំង គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលសំបូរនៅស្រុកពីរប៉ុណ្ណោះ គឺស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយជាប្រភេទផ្សិតដែលលក់បានថ្លៃ និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។

តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន ផ្សិតប្រភេទនេះ កើតចេញពីផេះផង់ នៃភ្លើងឆេះព្រៃកន្លងមក លុះត្រូវបានការស្រោចស្រពដោយដំណក់ទឹកភ្លៀង ក៏កើតចេញជាផ្សិតនេះឡើង ហើយផ្សិតប្រភេទនេះ គឺខុសពីផ្សិតធម្មតាត្រង់វាដុះនៅក្នុងដី ដែលមានរាងមូលដូចពងក្រួច ហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក ហើយបើយើងមិនត្រូវបានបង្ហាញពីអ្នកធ្លាប់រកផ្សិតនេះទេ នោះយើងមិនអាចរកវាឃើញទេ ។

យោងតាមមន្ទីរព័ត៌មានខេត្តពោធិ៍សាត់បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមករកផ្សិតប៉ក់ ឫផ្សិតផូងផាំងនេះ បានធ្វើដំណើរមកពីទីជិតឆ្ងាយ រួមមានបងប្អូនក្នុងមូលដ្ឋានផ្ទាល់ មកពីស្រុកភ្នំក្រវាញ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមព្រំប្រទល់នៃស្រុកវាលវែង។ ពួកគាត់បានវេចបាយម្ហូប ចេញទៅរកផ្សិតនេះតាំងពីព្រលឹម រហូតដល់ម៉ោង ៣ ទៅម៉ោង៤ រសៀល ទើបពួកគាត់ត្រលប់ទៅផ្ទះវិញ។ 

អ្នករុករកផ្សិតប៉ក់ម្នាក់បានឱ្យដឹងថា គាត់អាចរកចំណូលពីផ្សិតប៉ក់នេះ ក្នុងមួយថ្ងៃ ចាប់ពី១៥ ទៅ ៣៥ម៉ឺនរៀល ហើយថ្ងៃខ្លះលើសនេះក៏មាន ចំណែកតម្លៃលក់ឱ្យឈ្មួញកណ្តាល គឺចាប់ពី ៣៥,០០០រៀល ឡើងទៅ ក្នុង១គីឡូក្រាម។ តែតម្លៃនេះទាបជាងឆ្នាំមុន ដោយឆ្នាំមុនៗ លក់បានរហូតដល់ ៥ម៉ឺនរៀលឡើង ក្នុង១គីឡូក្រាម។ 

ចំណែកក្រុមឈ្មួញកណ្តាលបានអះអាងថា ពួកគាត់ម្នាក់ៗ បានចំណាយលុយទិញផ្សិតប្រភេទនេះ ចាប់ពី ២០លានរៀល ទៅ៣០លានរៀល ក្នុងមួយថ្ងៃ អ្នកខ្លះទិញយកទៅលក់បន្តឱ្យម៉ូយ មកពីស្រុកភ្នំក្រវាញ អ្នកខ្លះទៀតទិញយកទៅលក់ផ្ទាល់នៅច្រកព្រំប្រទល់ខ្មែរ-ថៃ ក្នុងខេត្តប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ ជាដើម ។ 

ក្រុមឈ្មួញដែលតែងតែនាំចេញទៅលក់នៅប្រទេសថៃ បានលើកឡើងថាផ្សិតប៉ក់លក់បានតម្លៃខ្ពស់ មានតែលក់ឱ្យប្រទេសថៃទេ មានប៉ុន្មានគេទទួលទិញយកទាំងអស់ ប៉ុន្តែពួកគាត់មិនបានដឹងថា គេយកទៅធ្វើជាអ្វីបន្តទៀតទេ ។ 

ជាធម្មតា បងប្អូនប្រជាពលរដ្ឋខ្មែរ និយមយកផ្សិតប៉ក់ ឫផ្សតិផូងផាំងនេះ មកស្ងោ រឺឆា ក៏បាន ដោយវាមានរសជាតិឆ្ងាញ់ខុសប្លែកពីផ្សិតទូទៅ ៕

ដោយ៖នីកា   រូបថត៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់