ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជទី១ដែលបានចុះបញ្ជីភាគហ៊ុនលក់មូលបត្រលើកដំបូងដែលមានមូលធនូបនីយកម្មទីផ្សារសរុបចំនួន ៧ ទ្រីលានរៀល

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០–
ធនាគារ អេស៊ីលីដា ភីអិលស៊ី និងផ្សារមូលបត្រកម្ពុជា បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធរបស់ ធនាគារ អេស៊ីលី ភីអិលស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃច័ន្ទុ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។

ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជទី១ ទៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល ចុះបញ្ជី ភាគហ៊ុន ជាមួយនិងថ្លៃលក់មូលបត្រលើកដំបូងក្នុងមួយឯកតាស្មើនឹង ១៦ ២០០ រៀល និងមានមូលធនូបនីយកម្មទីផ្សារសរុបចំនួន ៧ ទ្រីលានរៀល (ប្រមាណ ១,៧៥ ប៊ីលានដូល្លាអាម៉េរិក។

នៅក្នុងពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា នាថ្ងៃនេះការចុះបញ្ជីរបស់ធនាគារអេស៊ីលីដា នឹងក្លាយជាគម្រូមួយសម្រាប់ជំរុញដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្សេងទៀតដែលមានបំណង ឬនៅមានភាពស្ទាក់ស្ទើរនៅឡើយ ក្នុងការប្រមូលទុនពីទីផ្សារមូលបត្រឱ្យកាន់តែមានភាពជឿជាក់ ក្នុងការចាប់យកឱកាសកៀរគទុនសម្រាប់ពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន។

ក្នុងន័យនេះ ផ្សារមូលបត្រកម្ពុជា បាននិងកំពុងក្លាយជាច្រកហិរញ្ញប្បទានមួយសម្រាប់ក្រុមហ៊ុន និងសហគ្រាសដែលត្រូវការទុនជួយគាំទ្រ ដល់ការរីកចម្រើននៃវិស័យឯកជន និងក៏កំពុងបានផ្តល់នូវ បំរិយាកាសអំណោយផលដល់អ្នកចូលរួមទីផ្សារទាំងឡាយផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនិងអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រនិងវិធានការកែទម្រង់ដ៏មុតស្រួច ជាច្រើន សំដៅធានាសម្រេចបាននូវការអភិវឌ្ឍទាំងសេដ្ឋកិច្ចនិងសង្គមប្រកបដោយចិរភាពនិងបរិយាប័ន។

ជាក់ស្តែងក្នុងរយះពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ជាមួយនិងសុខសន្តិភាព ស្ថេរភាពនយោបាយ និងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចអនុគ្រោះ ប្រទេសជាតិយើងសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ៧,៧ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ ហើយនៅឆ្នាំ២០១៦ កម្ពុជាត្រូវបានប្រសិទ្ធនាមថាជាប្រទេសខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។

ជាមួយគ្នានេះ លោកជំទាវ ទាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការបោះផ្សាយលក់មូលបត្រ សិទ្ធិរបស់ធនាគារអេស៊ីលីដា គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មមូលធនបន្ថែមលើមូលនិធិជាប្រាក់បញ្ញើរបស់អតិថិជននិងការខ្ចី មូលនិធិពីក្រៅប្រទេស ហើយក៏ជាជម្រើសផលិតផលហិរញ្ញវត្ថុមួយបន្ថែមទៀត សម្រាប់វិនិយោគិនសក្តានុពលផងដែរ។

ស្របពេលដែលធនាគារអេស៊ីលីដា ទទួលបានទំទុកចិត្តខ្ពស់ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ គឺជាផ្នែកមួយនៃការបង្កើនជំនឿទុកចិត្តរបស់ សាធារណជនមួយកម្រិតបន្ថែមទៀត និងជាការ ជម្រុញដល់ដំណើរការទីផ្សារមូលធននៅកម្ពុជា ដែលបានអនុវត្ត ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញវត្ថុឆ្នាំ ២០១៦ . ២០២៥ របស់ រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តម ហុង សុខហួរ អគ្គនាយក នៃផ្សារមូលបត្រកម្ពុជា (ផ. ម. ក) ក៏បានលើកឡើងផងដែរថា គិតត្រឹមថ្ងៃចុះបញ្ជីនេះផ.ម.ក.មានក្រុមហ៊ុនចុះបញ្ជីសរុប ចំនួន ១២ក្រុមហ៊ុន ដែលបានប្រមូលទុនពីផ្សារមូលបត្រសរុប ប្រមាណជាង ២៤០ លានដុល្លារអាមេរិក។

ស្របជាមួយគ្នានេះ សកម្មភាពទីផ្សារក៏មានការរីកចម្រើនច្រើនជាងមុន ដោយសន្ទស្សន៍ថ្លៃភាគហ៊ុនបានកើឲឡើងប្រមាណ៥៨ភាគរយ និងទំហំ ជួញ ដូរប្រចាំថ្ងៃ កើនឡើងជាង៥ ដងក្នុងឆ្នាំ២០១៩ បើធៀបជាមួយឆ្នាំ២០១៨។ ផ្សារមូលបត្រកម្ពុជា.រំពឹងថា នឹងអាចក្លាយជាឧបករណ៍ វិនិយោគ ដ៏មានសក្តានុពលតាមរយៈការធ្វើពិពិធកម្មផលបត្រវិនិយោគសម្រាប់វិនិយោគិន និងអាចក្លាយជាទីផ្សារមួយ ដែល ជួយកៀរគទុន ផ្តល់ជម្រើសពិពិធកម្មប្រភពទុនថ្មីមួយទៀតបន្ថែមលើប្រភពទុនដែលមានស្រាប់ និងគាំទ្រ ដល់ការីកចំរើនរបស់ក្រុមហ៊ុន ក្នុងស្រុកនានា ជួយបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងពិធីនេះ លោកបណ្ឌិត អ៉ិន ចាន់នី បានបង្ហាញ ពីចំណាប់អារម្មណ៍ដ៏មុតមាំផងដែរថា ការចុះបញ្ជីរបស់ធនាគារ អេស៊ីលីដា គឺ ជាការបើកទំព័រស័ករាជជាថ្មីនៃប្រវត្តិជោគជ័យជាង២៧ឆ្នាំរបស់ធនាគារអាស៊ីលីដា ដោយមានវិនិយោគិនសាធារណៈ ចំនួន ២,៤៩៧នាក់ ក្លាយជាភាគហ៊ុនិកថ្មីរបស់ធនាគារ និងអាចចូលរួមជួញដូរភាគហ៊ុនទៅលើ ផ្សារមូលបត្រកម្ពុជា ៕ដោយ៖ គង់ សិរីរ័ត្ន