ប្រធានាធិបតីរបស់ប្រទេសអាហ្វកានីស្ថានដោះលែងសមាជិកក្រុមតាលីបង់ចំនួន ២.០០០ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អាអេហ្វប៉េ (២៥.០៥.២០)

អាហ្វកានីស្ថាន៖ ប្រធានាធិបតីរបស់ប្រទេសអាហ្វកានីស្ថាន លោក អាសរ៉ា ហ្កានី បានចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ
​ដោះលែងសមាជិកក្រុមឧទ្ទាមតាលីបង់ចំនួន​ជាង ២.០០០ នាក់ដើម្បីជាការសម្តែងឆន្ទៈ
បន្ទាប់ពីក្រុមឧទ្ទាមបានស្នើបទឈប់បាញ់គ្នាមួយក្នុងអម្លុងបុណ្យសាសនារបស់អ្នកកាន់សាសនាឥស្លាម ។

លោកប្រធានាធិបតីរបស់ប្រទេសអាហ្វកានីស្ថាន បាននិយាយថា​រដ្ឋាភិបាលរបស់លោកបានត្រៀម​ខ្លួនចរចាជាមួយក្រុមតាលីបង់បន្ទាប់ពីបានទទួលលក្ខខណ្ឌឈប់បាញ់​គ្នារយៈ​ពេលបីថ្ងៃ ចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ
ដែលជាថ្ងៃអ្នកកាន់សាសនាឥស្លាមបញ្ចប់បុណ្យសាសនារ៉ាម៉ាដាន់របស់ខ្លួន ។

អ្នកនំាពាក្យរបស់លោកប្រធានាធិបតីរបស់ប្រទេសអាហ្វកានីស្ថាន បាននិយាយថា​ការដោះលែងអ្នកទោសជា​សមាជិកក្រុមតាលីបង់នេះគឺជាកាយវិការប្រកបដោយសុឆន្ទៈរបស់រដ្ឋាភិបាល ។​