មន្ទីរបរិស្ថាន ខេត្តរតនគិរី ទទួលសត្វពង្រួលមួយក្បាលពីលោក ប៊ូ រតនៈ

AKP ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មន្ត្រី នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី បានទទួល សត្វពង្រូល ដែលជាប្រភេទសត្វកម្រ ពីក្រុមការងារនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ និងនគរបាលខេត្ត ដោយពួកគាត់បានប្រទះឃើញនៅក្បែររង្វង់មូលក្រុងបានលុង ខេត្តរតនគិរី។

ពិធីនេះទទួលដោយ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិតំណាងឱ្យមន្ទីរបរិស្ថាន ដោយបានទទួលសត្វពង្រូលចំនួន០១ក្បាល ពីលោក ប៊ូ រតនៈ និងក្រុមការងារនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ និង លោក អ៊ីម ផានី ស្នងការរងនគរបាលខេត្តរតនគិរី នៅមន្ទីរបរិស្ថានខេត្តរតនគិរី ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារនគរបាលខេត្តបានប្រទះឃើញសត្វពង្រូលមួយក្បាលនេះ នៅក្បែររង្វង់មូលក្រុងបានលុង ក្នុងពេលដែលក្រុមការងារជិះរថយន្តឆ្លងកាត់ ។ ក្រុមការងារក៏ចាប់យកមកប្រគល់ជូនមន្ទីរបរិស្ថានដើម្បីយកទៅស្តារនីតិសប្បទា និងលែងចូលព្រៃធម្មជាតិវិញ ។ នៅពេលទទួលនោះ លោក ប៊ូ រតនៈ និងលោក អ៊ីម ផានី បានថ្លែងអំណរគុណដល់ក្រុមការងារនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានចូលរួមធ្វើការជួយសង្គ្រោះ និងអភិរក្សប្រភេទសត្វដ៏កម្រមួយនេះ ៕

ដោយ៖ណយ នឿន (ប្រភពៈមន្ទីរបរិស្ថាន ខេត្តរតនគិរី)