អភិបាលរងខេត្ត ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់កំពង់សំណាញ់

AKP ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល និង ជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កំពង់សំណាញ់ បានចុះសួរសុខទុក្ខ និង ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ១១៣គ្រួសារ ដែលស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដែលមានជីវភាពក្រីក្រ និង កំពុងជួបប្រទះនឹងវិបត្តិ នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ។

នាឱកាសនេះដែរ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានផ្តាំផ្ញើដល់មន្រ្តី នៃសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាព អនាម័យ ចៀសឱ្យបានពីការឆ្លងជំងឺកូវីដ-១៩ និងសូមបន្តផ្សព្វផ្សាយពីបញ្ហាជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់យើងនៅក្នុងមូលដ្ឋាន ឱ្យពួកគាត់មានការយល់ដឹងកាន់តែច្បាស់ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១១៣គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ ១០គីឡូក្រាម មី១កេស សាប៊ូ ១កញ្ចប់ ម៉ាស ២ដុំ ត្រីខ ១យួ ជែលលាងដៃ ១ដប ដែលកំពុងជួបការលំបាកខ្វះខាត ដែលចាត់ចូលជាប្រភេទ ក្រ១ ក្រ២ និងក្រជាក់ស្តែង ដើម្បីយកទៅដោះស្រាយជីវភាពបានមួយរយៈ ៕

ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)