សត្វទន្សោងឈ្មោលមួយក្បាល បានស្លាប់បាត់បង់ជីវិត ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០–

សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ នេះបើយោងតាមសេចក្តីរាយការណ៍របស់មន្ទីរបរិស្ថានខេត្ត ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ បានថ្លែងថា សត្វទន្សោងឈ្មោលនោះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។

ឯកឧត្តមបានថ្លែងថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ននិងបានទទួលការសង្គ្រោះបឋមមុននឹងសត្វទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សាកសពសត្វទន្សោងនេះនឹងត្រូវមន្ត្រីឧទ្យានុរក្ស និងព្រះតេជគុណ ប៊ុន សាលួត បញ្ចុះនៅទីស្នាក់ការកណ្តាលនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០នេះ វេលាម៉ោង ៧ព្រឹក។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សត្វទន្សោងមួយក្បាលដែលត្រូវបានជួយសង្គ្រោះនេះពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់។ នៅលើមុខរបស់វា មានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន។ ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញ៉ាំដៃក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនេះនៅតែស្លាប់បាត់បង់ជីវិតគួរឱ្យសង្វេគបំផុត ដោយសារតែសុខភាពចុះខ្សោយខ្លាំង អត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាមរបួសជាប់អន្ទាក់ ៕ ដោយ៖ ពេជ្រ ណារិទ្ធ