ព្រះមេគណខេត្តសៀមរាប៖ ដើម្បីសេចក្តីសុខ កុំប្រមាទវីរុសកូវីដ-១៩

AKP ខេត្តសៀមរាប ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០-

ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យមេគណខេត្តសៀមរាប មានថេរដីកាថា ការប្រមាទចំពោះស្ថានភាពនៃវិបត្តិកូវីដ-១៩ វាមិនបាននាំមកនូវសេចក្តីសុខចំរើននោះទេ។ ជាក់ស្តែងការឆ្លងចំនួន២ករណីថ្មី វាគឺជាការព្រមានចំពោះអ្នកធ្វេសប្រហែសបាត់បង់ការប្រុងប្រយ័ត្នឱ្យវិលត្រឡប់មករកការអនុវត្តឱ្យបានខ្ចាប់ខ្ជួនឡើងវិញ វិធានការនានាដ៏មានប្រសិទ្ធភាពរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ ការរក្សាឱ្យបានគម្លាតសុវត្តិភាព-គម្លាតសង្គម និងរក្សាអនាម័យជាប់ជាប្រចាំ ជាដើម។

ថេរដីកានេះបានសម្តែងនៅវត្តកំពង់ក្តី កាលពីរសៀលថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០ នៅក្នុងពេលដែលប្រតិភូសង្ឃនៃសាលាគណខេត្ត និមន្តជួបព្រះចៅអធិការតាំង៣៨វត្ត ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់ព្រះសង្ឃ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាទាំងមូល រួមគ្នាប្រយុទ្ធប្រឆាំងវីរុសថ្មីកូវីដ-១៩។ ព្រមជាមួយគ្នានោះដែរ ក៏មានការនាំយកទេយ្យវត្ថុ បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនព្រះសង្ឃគ្រប់បណ្តាវត្តទាំង៣៨នោះ ក្រោមការចូលរួមដោយឧបាសក ឧបាសិកា និង សប្បុរសជនជាពុទ្ធសាសនូបត្ថម្ភកផងដែរ។

ព្រះតេជគុណ នឿម វុទ្ឋី សមាជិកមន្ត្រីសង្ឃសាលាគណខេត្តបានបញ្ជក់ឱ្យដឹងថា នេះជាលើកទី៣ និងជាស្រុកទី៤ហើយ ដែលប្រតិភូសង្ឃសាលាគណខេត្ត បាននិមន្តជួបផ្ទាល់ជាមួយព្រះចៅអធិការវត្ត សួរសុខទុក្ខនិងផ្តល់ឱវាទអប់រំ ហើយក៏ជាគោលបំណងដ៏សំខាន់ផងដែរនោះ គឺចុះទៅដើម្បីបានចែករំលែកចតុបច្ច័យ ដែលជាទីអាស្រ័យដ៏ចាំបាច់ ខានពុំបាននៃព្រះសង្ឃ។

នេះគឺជាសង្ឃកិច្ច ដែលត្រូវបានប្រតិបត្តិតាមពិតថេរដីកា របស់គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើសុំឱ្យព្រះមេគណខេត្តទាំង២៥រាជធានី-ខេត្ត សហការជាមួយមន្ទីរធម្មការនិងសាសនា រួមទាំងស្ថាប័នពាក់ព័ន្ធ អំពាវនាវដល់បណ្តាវត្តដែលមានធនធានច្រើន ដឹកនាំចលនាមនុស្សធម៌សួរសុខទុក្ខ ចែករំលែកដល់វត្តអារាមដែលខ្វះខាត និងចែករំលែកផងដែរដល់ប្រជាពលរដ្ឋជួបការលំបាក នៅទីជនបទដាច់ស្រយាល ។

គ្រឿងឧបភោគបរិភោគនិង ទេយ្យវត្ថុដែលត្រូវប្រគេនទាំង៣៨វត្ត សរុបរួមមានៈ អង្ករចំនួន ៣៨ការ៉ុង- មី ៣៨ កេសធំ- ទឹកត្រីចំនួន ៧៦យួរ- ទឹកស៊ីអ៊ីវចំនួន ៣៨យួរ- ត្រីខចំនួន ៧៦កេស- ប៊ីចេង ១៩គីឡូក្រាម – សាច់ក្រក ១៩គីឡូក្រាម- ចានស្រាក់ចំនួន៧៦ស្រាក់- ត្រីឆ្អើរជាង២,០០០ក្រាស់ និងបច្ច័យជាង៦លានរៀល ៕

ឃុត៖សៅ សៀមរាប