សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ ខណៈមានអ្នកឆ្លងថ្មីចំនួន០២នាក់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩ ខណៈដែលក្នុងសប្ដាហ៍នេះមានអ្នកឆ្លងថ្មីចំនួន០២នាក់។

នៅលើផេកផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា សូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩។ កាលពីសប្តាហ៍មុនប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់មកវិញ។

សម្ដេចតេជោបន្តថា ស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបានកើនឡើងរហូតដល់ជិត៥លាននាក់ (,៩៩៥,៩៩៦) ដែលមានអ្នកស្លាប់ជាង៣០ម៉ឺននាក់(៣២៧,៨២១) ជាមួយគ្នានេះ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ដែលកំពុងវាយលុកលើ ២១៦ប្រទេស។

សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងដ៏កាចសាហាវនេះ ក្នុងនោះត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ គឺត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុលឬ ជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ។

សម្ដេចតេជោបានណែនាំថា កន្លែងណាដែលមិនចាំបាច់ទៅសូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន។ សូមស្តាប់នឹងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕

ដោយ ជឹម ណារី