ក្រសួងទេសចរណ៍បង្ហាញតំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំ ខ្នងផ្សា ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ

AKP កំពង់ស្ពឺ​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០

ដើម្បីចូលរួមលើកកម្ពស់ដល់សោភ័ណភាព និងបរិស្ថានដល់ភ្ញៀវទេសចរជាតិ អន្ដរជាតិឱ្យ​មក​​លេងកម្សាន្ដឱ្យបានកាន់តែច្រើនថែមទៀត នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុក​នោះ ក្រសួង​ទេសចរណ៍បានបង្ហាញនូវតំបន់ទេសចរណ៍ធម្មជាតិ​មួយកន្លែងដែលមាន​ឈ្មោះ​ថា ខ្នងផ្សា គឺជាតំបន់​ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតា​សាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយជាទីតាំងប្រសព្វ​មុំបីដែលផ្សា​​ភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពុងស្ពឺ និង​ខេត្ដ​ពោធិ៍សាត់។ ខ្នងផ្សា ជាតំបន់មួយដែលសម្បូរ​ទៅ​​ព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗវាល​ស្រល់ដ៏ស្រស់ស្អាតនិងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។​ នេះបើយោងតាម​ក្រសួងទេសចរណ៍។

នៅពេលព្រឹកព្រលឹមយើងគួរធ្វើដំណើរទៅកាន់ ពយខ្នងផ្សា ដើម្បីទស្សនាភាពស្រស់​ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះ និងពេលល្ងាច​យើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។ ការធ្វើដំណើរទៅកាន់ភូមិ សហគមន៍ខ្នងផ្សា
ដើម្បីធ្វើដំណើរទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្ត​កំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូម៉ែត្រ យើងបត់តាមស្តុបតេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូម៉ែត្រ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា​​ប្រាប់ផ្លូវទៅឱរ៉ាល់។ បន្ទាប់ពីបត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល៥០គីឡូម៉ែត្រ យើង​នឹងដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូ ដោយ​ជិះកាត់តេទឹកពុះ យើងនឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា ។

ការធ្វើដំណើរទៅកាន់កំពូលភ្នំខ្នងផ្សាដើម្បីឡើងខ្នងផ្សា គឺត្រូវឱ្យយើងចូលទៅទី​ស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដើម្បីស្រង់ឈ្មោះអ្នកឡើងភ្នំ និងងាយស្រួលក្នុងការគ្រប់​គ្រង ហើយតម្រូវឱ្យមន្ត្រីបរិស្ថានទៅជាមួយដើម្បីមើលការខុសត្រូវ និងការពារផងដែរ ។ ជាមួយគ្នានេះ ចំពោះអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហើយពួកគាត់ក៏បានជួយស្ពាយ​ឥវ៉ាន់ និងដាំស្លឱ្យយើងញាំផងដែរ។ ការធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ យើងអាចជិះគោយន្ត​សហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង។ បន្ទាប់មកត្រូវដើរដោយថ្មើរជើងឡើងភ្នំ តាមផ្លូវមិនពិបាកណាស់​​​ណាទេ មានដីរាប និងទួល សម្រាប់អ្នកដើរលឿនល្មម និងមិនសូវ​ឈប់សម្រាកអាចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលើសពីនេះទើបទៅដល់កំពូលភ្នំ។ សម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្ដនៅទីនោះគួរដាក់ ទឹកសម្រាប់ញាំយ៉ាង​តិច​​ម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វើដំណើរ យើងអាចច្រកទឹកសម្រាប់​ញាំតាមផ្លូវបាន តែគួរ​មាន​​ប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ។ សម្រាប់ការសម្រាកនៅលើកំពូល​ភ្នំយើងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដើម្បីការពារជ្រាបទឹកភ្លៀង ឬសន្សើម ។ គួរត្រៀម​អាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង។ ការត្រៀមម្ហូបអាហារ និង​ទឹកញាំសម្រាប់ការញាំយើងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល… ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលើភ្នំ។ ក្រៅពីនេះគួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ… សម្រាប់ជាអាហារ​ពេល​ព្រឹក។ សម្រាប់ទឹកញាំដោយខែនេះជារដូវប្រាំង គឺអាចពិបាករឿងទឹកបន្តិច តែនៅលើ​នោះ​មានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រើប្រាស់​បានសម្រាប់ងូត ដាំញាំ ឬធ្វើម្ហូប បើអាចគួរទិញ​សម្រាប់ចម្រោះទឹក ប្រើប្រាស់ផ្ទាល់ខ្លួន។

ក្រសួងទេសចរណ៍ក៏សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលបានទៅទស្សនា​នៅ​តំបន់នោះ សូមចូលរួមជួយរក្សា​អនាម័យ និងរៀបចំប្រមូលសម្រាមឱ្យបានត្រឹមត្រូវ ដើម្បី​សហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រង​សម្រាប់​ យើង​ទាំងអស់គ្នា៕

ដោយ រិទ្ធី