ក្រសួងទេសចរណ៍៖ ពីរសប្ដាហ៍នេះ ភ្ញៀវទេសចរក្នុងស្រុក បានបន្តកើនឡើងជាបណ្ដើរៗវិញហើយ

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០–

រយៈពេលពីរសប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាភ្ញៀវទេសចរក្នុងស្រុក បានបន្តកើនឡើងជាបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង ២៥ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧ភាគរយ បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិប្រមាណ ២៥៣,២៥៦នាក់ កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានកត់សម្គាល់ថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសក្រុងព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍ បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ (ស្ដង់ដារពិសេស) សម្រាប់សុវត្ថិភាពទេសចរក្នុងនោះរួមមាន៖ ក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំបាច់ មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល ជាពិសេសលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕ ដោយ៖ម៉ៅ ចរិយា