ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ចំនួន ២១០គ្រួសារ​ នៅក្នុងស្រុកឈូក​ និងស្រុក​ដងទង់​ ខេត្តកំពត​ ទទួល​បានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​

AKP កំពត ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០–

ដើម្បីចូលរួមជួយសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់​កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាក​បាទ​ក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីទីស្នាក់ការកណ្តាល​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​យកទៅចែកជូន ដើម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ​ទាំងនោះ​នៅតាមតំបន់រងគ្រោះនីមួយៗ។

លោកជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និង​សហការី​ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពត​ បានចុះសួរ​សុខ​ទុក្ខ​ និង​នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់​កន្ត្រាក់​ចំនួន​ ២១០​គ្រួសារ​ រស់នៅខេត្តកំពត​ (ក្នុងនោះ​ ៨៩គ្រួសារ​ នៅស្រុកឈូក​ និង​១២១គ្រួសារ​ នៅ​ស្រុកដងទង់​)។ពិធីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ​ ទី​ ២២​ ខែឧសភា​ ឆ្នាំ២០២០។​

ក្នុងឱកាសនោះ លោកជំទាវ​អគ្គលេខាធិការ​រងទី១​ កាកបាទក្រហមកម្ពុជា​ បានពាំ​នាំ​ប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក​ និង​ក្តីអាណិតអាសូរ​ ជាពិសេស​ក្តីព្រួយបារម្ភ​ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទី​កន្លែងទាំងអស់​ ដែលប្រឈម​ទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ​ ដែលកើតឡើង​ដោយមិន អាចស្មាន​បាន។

លោកជំទាវបានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ បានចាត់​ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់​ ដោយនាំយកនូវ​គ្រឿង​បរិភោគ​ សម្ភារ​ប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកទៅតាម​ស្ថានភាព​រង​គ្រោះ​ជាក់ស្តែង​របស់គ្រួសាររងគ្រោះ ព្រមទាំងបានពាំនាំនូវសារអំពាវនាវ​ ឱ្យ​មានការប្រុងប្រយ័ត្នគ្រប់ពេលវេលា​ តាមរយៈ​ការតាមដានសេចក្តីជូនដំណឹងស្តីពីស្ថាន​ភាព​អាកាស​ធាតុ​ របស់ក្រសួងធនធានទឹក​ និងឧតុនិយម​ និងវិធានការ​ត្រៀមបង្ការផ្សេងៗ​ទៀត។

លោកជំទាវ​អគ្គលេខាធិការរងទី​១​បានគូសបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា តែង​តែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ និងគ្រួសាររងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗនៅទូទាំងប្រទេសទៅតាមលទ្ធភាព។

លោកជំទាវ​បានថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ដែលបានចូល​រួម​ឧបត្ថម្ភថវិកាជាបន្តបន្ទាប់​ដល់កាកបាទក្រហមកម្ពុជា​ ទោះបីជា​កាកបាទក្រហមកម្ពុជា​ បានផ្អាកការប្រារព្ធទិវា​ ៨​ ឧសភា​ ឆ្នាំ២០២០នេះ​ ដោយសារតែស្ថានភាពនៃជំងឺកូវីដ-១៩​ ក៏ដោយ​។

ជាមួយគ្នានេះ​ លោកជំទាវ​ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូម​បន្តចូលរួមអនុវត្តន៍តាមការអំពាវនាវរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតី​ប្រុងប្រយ័ត្នខ្ពស់ជានិច្ច​ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩​នៅកម្ពុជា​ តាម​រយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់​របស់ក្រសួងសុខាភិបាល​ ជាពិសេសការ​រក្សា​អនាម័យ​​ដៃស្អាត​​ ពាក់ម៉ាស់ (ក្នុងករណីចាំបាច់)​ ប្រើកន្សែង ឬក្រមា​ឬក្រដាសជូតមាត់​សម្រាប់ខ្ទប់មាត់ពេលក្អក​ ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម​ និងគម្លាត​សុវត្ថិភាពបុគ្គល។

សូមបញ្ជាក់ផងដែរថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​អំណោយមនុស្ស​ធម៌​ពី​កាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ និងឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ដូចៗគ្នា។ ដោយឡែក​ គ្រួសាររងគ្រោះដោយរលំផ្ទះ​ទាំង​ស្រុង​ ទទួលបានបន្ថែម​ តង់ចំនួន១​ និងថវិកា​ ២០ម៉ឺនរៀល។ ចំពោះគ្រួសារ​រង​គ្រោះ​ដោយ​ប៉ើងដំបូលធ្ងន់ធ្ងរ​ ទទួលបានបន្ថែម​ តង់ចំនួន១​ និងថវិកា​ ១០ម៉ឺនរៀល ហើយ​គ្រួសារ​រង​គ្រោះដោយប៉ើងដំបូលផ្ទះស្រាល ទទួលបានបន្ថែម​ថវិកា​ ៥ម៉ឺនរៀលផងដែរ៕ ដោយ៖ រិទ្ធី