វឌ្ឍនភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឆ្នាំ២០១៩-២០២០

AKP ព្រះសីហនុ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០–

កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំកន្លងទៅ ខេត្តព្រះសីហនុរងនូវបញ្ហាប្រឈម ជាច្រើនមានដូចជា រលំបាក់អគារ គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះថ្នាក់ចរាចរណ៍ ទុរគតជន និងគ្រួសារជនរងគ្រោះ ហើយការងារស្នូលរបស់គណៈកម្មការសាខា គឺផ្អែកទៅ តាមភារកិច្ចជាចម្បងរបស់ខ្លួន គឺផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋនៅគ្រប់មុខសញ្ញា នៅឆ្នាំកន្លងមកបានចំនួន៣,៥០៨គ្រួសារ សាខាកាកបាទក្រហមយើងធ្វើការផ្តល់អំណោយ សង្គ្រោះជូនដល់ពួកគាត់។

សកម្មភាពស្នូលដែលសាខាកាកបាទក្រហមបានធ្វើកន្លងមក មានដូចជាសកម្មភាព រលំបាក់អាគារ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកពាក់ព័ន្ធ គ្រោះទឹកជំនន់ យើងបានធ្វើការ បែងចែកជា២ក្រុមគឺ៖ ទី១.ក្រុមរងគ្រោះដោយផ្ទាល់ ដោយបញ្ជូនពួកគាត់ទៅកាន់ទីទួល សុវត្ថិភាព យើងក៏បានផ្ដល់នូវជំនួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព និងទី២. ក្រុមរងគ្រោះ នៅតាមលំនៅឋាន ដែលយើងបានផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ពួកគាត់ ក្រៅពី នោះ ក៏មានគ្រួសារទុរគតជន ដែលសាខាបានចុះផ្ដល់អំណោយដល់ពួកគាត់ជាប្រចាំមានចំនួន ៤២គ្រួសារ និងបានផ្ដល់អំណោយជូនពួកគាត់ជារៀងរាល់ខែ ដើម្បីពួកគាត់មានលទ្ធភាព ដោះស្រាយជីវភាពគ្រួសារ ព្រោះពួកគាត់មិនមានលទ្ធភាពចេញរកប្រាក់ចំណូលប្រចាំថ្ងៃ មានតែមនុស្សចាស់ និងកុមារ។ សាខាកាកបាទក្រហម រួមជាមួយសប្បុរសជនបន្តផ្ដល់ អំណោយជូនពួកគាត់ជារៀងរាល់ខែ ដើម្បីឱ្យពួកគាត់មានលទ្ធភាពរស់នៅក្នុងសង្គមជាតិ។ មានគ្រួសារក្រីក្រឆ្លងទន្លេ ជនរងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ក្រៅពីនោះយើងបានធ្វើ សកម្មភាពអប់រំផ្សព្វផ្សាយបើកវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមបានជាច្រើនវគ្គ មានយុវជន ស្ម័គ្រចិត្តចំនួន៤០០នាក់។ ក្រុមយុវជនស្ម័គ្រចិត្តសាខា បានចូលរួមសកម្មភាពផ្សព្វផ្សាយ ច្បាប់ចរាចរណ៍នៅតាមគោលដៅ។ យុវជនកាកបាទក្រហមបានចូលរួមក្នុងសកម្មភាព ផ្សេងៗដូចជាការត្រៀមបង្ការជួយសង្គ្រោះក្នុងកម្មវិធីផ្សេងៗយ៉ាងសកម្ម។

ឯកឧត្តមបន្តថា ខេត្តព្រះសីហនុ មានអ្នកកើតជំងឺ Covid-19 មុនគេ ហើយក៏មានព្រឹត្តិការ ណ៍នាវា Westerdam ចូលចត ដែលសម្តេចតេជោបានទទួលនាវាចូលចតនៅខេត្តព្រះសីហនុ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ខេត្តព្រះសីហនុមានអ្នកជំងឺ Covid-19 ច្រើនជាងបណ្តា រាជធានី ខេត្ត រហូតដល់ចំនួន៤០នាក់។  យើងមានកិច្ចការពីរត្រូវធ្វើគឺ៖ ទី១.សកម្មភាពរបស់ សាខាពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក្រុមអ្នកស្ម័គ្រសាខាបានចុះទៅអប់រំផ្សព្វផ្សាយដល់ គ្រួសារក្រីក្រ រងគ្រោះ ងាយរងគ្រោះ អ្នកផ្ទុកជំងឺអេដស៍ ដែលមានហានិភ័យខ្ពស់ និងអប់រំ សាររបស់ក្រសួងសុខាភិបាល តម្រូវឱ្យលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុល និងផ្តល់ជូននូវឧបករណ៍ សម្ភារៈបានល្អប្រសើរ។ ទី២. ស្ថានភាពសេដ្ឋ កិច្ចដោយសារ Covid-១៩ មានសប្បុរសជនក្នុងខេត្តបានចូលរួមបរិច្ចាកជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ ថវិកា បម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ទើបសាខាមានលទ្ធភាពបន្តចែកជូនដល់ គ្រួសារក្រីក្រងាយរងគ្រោះ និងរងគ្រោះតាមលទ្ធភាពរបស់ខេត្ត។

ឯកឧត្តម គួច ចំ រើន បញ្ជាក់ថា ក្នុងនាមប្រធានសាខា សូមសម្តែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បានផ្តល់សម្ភារៈមួយចំនួនមកខេត្តព្រះសីហនុ មានដូចជាអង្ករ មី ត្រីខ និងសម្ភារៈ ប្រើប្រាស់ផ្សេងៗទៀត ដើម្បីសាខាមានលទ្ធភាពបន្តសកម្មភាពរបស់ខ្លួន។

រាជរដ្ឋាភិ បាលកម្ពុជា បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារប្រយុទ្ធប្រឆាំងនឹង Covid-19 ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពខេត្ត និងប្រធានគណៈកម្មការសាខា សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ថ្វីត្បិតកម្ពុជាមិនមានចម្លងថ្មី ក៏ប៉ុន្តែនៅជុំវិញពិភពលោក កំពុងមានការរីករាលដាលយ៉ាងគំហុក ដូច្នេះយើងត្រូវមានការ ប្រុងប្រយ័តទៅមុខទៀត ចាប់ផ្តើមពីការធ្វើអនាម័យ ធ្វើចត្តាឡីស័កផ្ទាល់ខ្លួន ដើម្បីកុំឱ្យ ជំងឺនេះមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ក្នុងប្រទេសរបស់យើង៕ ដោយ ងូ សុមុនី