ប្រជាពលរដ្ឋចំនួន ១០៨គ្រួសារ នៅស្រុកឆែប ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

AKP ព្រះវិហារ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០

ប្រជាពលរដ្ឋក្រីក្រចំនួន១០៨គ្រួសារ មកពីឃុំចំនួន៣ គឺឃុំម្លូព្រៃមួយ ចំនួន៤៥គ្រួសារ ឃុំម្លូព្រៃពីរ៣០គ្រួសារ និងឃុំសង្កែពីរចំនួន៣៣គ្រួសារ ក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្ត ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត ស្រុកជាច្រើនរូបទៀត។

ឯកឧត្តម មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងយកចិត្តទុកដាក់គិតគូរ ជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋក្រីក្រ ស្ត្រី មេម៉ាយ ក្មេងកំព្រា ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ដោយមិន ប្រកាន់និន្នការនយោបាយ ជាតិសាសន៍ពណ៌សម្បុរនោះទេ ទីណាមានការលំបាក ទីនោះមាន ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច។

ឯកឧត្តមបន្តថា សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ផ្តោតទៅលើការគិតគូរជួយ សង្រ្គោះដល់បញ្ហាដែលកើតមានឡើងដោយគ្រោះធម្មជាតិ ភាពក្រីក្រមកពីជំងឺឆ្លងកូវីដ១៩ ធ្វើឱ្យមនុស្សក្នុងប្រទេសនៅលើពិភពលោក មានការឆ្លង និងស្លាប់ច្រើនណាស់។

ឯកឧត្តម ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សា អនាម័យជាប្រចាំ ដោយអនុវត្តន៍តាមការណែនារបស់ក្រសួងសុខាភិបាល ដូចជាលាងសម្អាត ដៃនឹងសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ការពារពេលស្ថិតនៅក្នុងទីប្រជុំជនជានិច្ច ដោយមិនត្រូវ ធ្វេសប្រហែសនោះទេ ដរាបណាមិនទាន់មានថ្នាំវ៉ាក់សាំងសម្រាប់ការពារ។

ឯកឧត្តម ក៏បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ នាំថវិកា ចំនួន៤០លានរៀល ម៉ាស់ចំនួន១៥០០០ម៉ាស់ និងអាល់កុលលាងដៃសម្លាប់មេរោគ យកទៅ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសអបអរសារទរខួបលើកទី១៥៧ ទិវា កាកបាទក្រហអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០។

សូមបញ្ជាក់ថា សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល។ ក្នុងនោះគ្រួសារអាទិភាព ចំនួន១០គ្រួសារ ថែមជូន សារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០រៀល។ ប្រគេនព្រះសង្ឃ អង្ករ២បាវ មី២កេស ត្រីខ២យួរ ទឹក២កេស ទឹកផ្លែឈើ២កេស ថវិកា ២០០,០០០រៀល យាយជីតាជី៤នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល៕

ដោយ ទិត ស្រ៊