សហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា ចាប់ផ្តើមប្រមូលផ្តុំក្រុមថ្នាលឡើវិញ ត្រៀមចូលរួមប្រកួតយុវជនអាស៊ី នៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០

សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានចាប់ផ្តើមប្រមូលផ្តុំពង្រឹងបច្ចេកទេសកីឡាករថ្នាលរបស់ខ្លួនវិញហើយ ដើម្បីចូលរួមប្រកួតប្រជែងជើងឯកយុវជនអាស៊ីនៅប្រទេសឡាវ នាខែសីហាឆ្នាំ២០២០។

លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា សហព័ន្ធបានចាប់ផ្តើមពង្រឹងសមត្ថភាពបច្ចេកទេសកីឡាករ កីឡាការិនីជាលក្ខណៈក្រុមតូចៗនោះទេ ដោយតែយើងចូលរួមទប់ស្តាត់ការពារជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា។ លោកបានលើកឡើងថា ការពង្រឹងបច្ចេកទេសនេះ គឺដើម្បីឱ្យមានសមត្ថភាពគ្រាប់គ្រាន់ក្នុងការប្រជែងនោះ សហព័ន្ធចាំបាច់ត្រូវតែស្នើរសុំឱ្យមានការហ្វឹកហាត់ជាក្ខណៈក្រុមតូចៗ ដែលមានការជុំគ្នាមិនលើសពី០៤នាក់ជាមួយនឹងការការពារប្រុងប្រយ័ត្នខ្ពស់ ដោយមានការការពារអនាម័យ និងវាស់កម្តៅផងដែរ។

អគ្គលេខាធិការរូបនេះបានពន្យល់ថា ប្រសិនបើការហ្វឹកហាត់ធ្វើនៅផ្ទះ គឺយើងពង្រឹងបានតែកម្លាំងកាយប៉ុណ្ណោះ ប៉ុន្តែការកាហ្វឹកហាត់ជាក្រុមតូចៗនៅសហព័ន្ធយើងហ្វឹកហាត់បានទាំងកម្លាំងកាយ និងបច្ចេកទេស ត្បិតមានគ្រូជួយបង្ហាត់ណែនាំ ដែលជួយជំរុញឱ្យសមត្ថភាពអត្តពលិកអភិវឌ្ឍន៍ឈានទៅរកការប្រកួតប្រជែងប្រកបដោយគុណភាពល្អប្រសើរ។

សូមបញ្ជាក់ថា ការប្រកួតយុវជនអាស៊ីលើប្រភេទកីឡាវាយកូនឃ្លីលើតុនេះមានប្រទេសខ្លាំងៗចូលរួមប្រកួតប្រជែងមេដាយ ដូចជាមានអត្តពលិកយុវជនមកពីសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងកូរ៉េជាដើម ហើយសម្រាប់កម្ពុជាបានត្រៀមយុវជន៦នាក់ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ ក្នុងនោះមានយុវជនក្រោមអាយុ១៨ ចំនួន០៤នាក់ និងក្រោមអាយុ១៥ឆ្នាំ មានចំនួន០២នាក់៕

ដោយ ហេង ណាលីន