ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលសៀវភៅស្តីពី ស្រ្តីទី១នៃកម្ពុជា ពីលោក ឆាយ សុផល អ្នកនិពន្ធ

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ –

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលសៀវភៅស្តីពី ប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាំងជាភាសាអង់គ្លេស និងភាសាខ្មែរ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។

ក្នុងពេលចូលជួបសម្ដែងការគួរសមចំពោះឯកឧត្តមរដ្ឋមន្រ្តី លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅ បានប្រគល់សៀវភៅចំនួន១០០ច្បាប់ ទាំងភាសាអង់គ្លេស និងភាសាខ្មែរជូនឯកឧត្តមរដ្ឋមន្រ្តី ដើម្បីការប្រើប្រាស់តាមគោលបំណងរបស់ឯកឧត្តម។

លោក ឆាយ ផុល បានរៀបរាប់ថា សៀវភៅដែលមានចំណងជើងថា “BUN RANY – THE WIFE OF CAMBODIA’S STRONG MAN” បានបកប្រែពីសៀវភៅជាភាសាខ្មែរ “ប៊ុន រ៉ានី – ភរិយាបុរសខ្លាំងនៃកម្ពុជា” ហើយសៀវភៅជាភាសាខ្មែរនេះបានចេញផ្សាយតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មកម៉្លេះ ប៉ុន្តែសៀវភៅជាភាសាអង់គ្លេសទើបចេញនៅពាក់កណ្តាលខែឧសភានេះទេ។

លោក សុផល បញ្ជាក់ថា៖ “ដោយសារខ្ញុំបានទទួលសារតាមអ៊ីមែលផង និងតាមហ្វេសប៊ុកផង ព្រមទាំងមានសំណើពីបណ្ណាគារខ្លះនៅរាជធានីភ្នំពេញថា ពួកគេចង់បានសៀវភៅពីប្រវត្តិរបស់ស្រ្តីទី១នៃកម្ពុជា ទើបខ្ញុំប្រឹងប្រែងធ្វើសៀវភៅនេះជាភាសាអង់គ្លេស។ ការធ្វើសៀវភៅមួយច្បាប់ៗគឺពិតជាមិនងាយស្រួលពេកទេ តែធ្វើដូចម្តេច បើខ្ញុំធ្លាក់ខ្លួនក្នុងអាជីពនេះទៅហើយ”។

បើតាមការរៀបរាប់របស់អ្នកនិពន្ធរូបនេះបានឱ្យដឹងថា សៀវភៅដែលចំណងជើងជាភាសាអង់គ្លេសសរសេរថា “BUN RANY – THE WIFE OF CAMBODIA’S STRONG MAN” ត្រូវបានបកប្រែដោយក្រុមជំនាញ និងមានការកែសម្រួលពីជនជាតិអាម៉េរិក។

នៅក្នុងទំព័រថ្លែងអំណរគុណបានបង្ហាញថា ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញបានជួយបោះពុម្ភសៀវភៅនេះចំនួនមួយម៉ឺនច្បាប់។ បើតាមការបញ្ជាក់ពីលោក ឆាយ សុផល សៀវភៅនេះក៏ជាការចូលរួមចំណែកអបអរចំពោះសម្តេចទាំងពីរ ដែលមានចៅទី២១ កាលពីសប្តាហ៍មុនដែរ។

បន្ទាប់ពីសៀវភៅនេះទៅ លោក ឆាយ សុផល បានបញ្ជាក់ថា សៀវភៅ “បងប្អូនប្រុសទាំង៣” ដែលរៀបរាប់ពីសាវតារកូនប្រុសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេស និងភាសាចិនដែរនៅខែក្រោយនេះ ខណៈដែលសៀវភៅសម្តេចតេជោ ដែលមានចំណងជើងថា “ហ៊ុន សែន – នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ” នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេសនៅក្នុងអំឡុងខែសីហាឆ្នាំនេះ៕

ដោយ នីកា រូបថត៖ ខឹម សុវណ្ណារ៉ា