វីដេអូជីវចលភាគថ្មី ឈ្មោះថា “គ្រួសាររីករាយ” ត្រូវបានដាក់បញ្ចាំង ចាប់ពីថ្ងៃនេះតទៅ

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ —

ក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងដៃគូ នៅថ្ងៃនេះ បានប្រកាសដាក់បញ្ចាំងនូវវីដេអូជីវចលភាគថ្មីមួយ ដែលមានចំណងជើងថា “គ្រួសាររីករាយ” ដែលជាវីដេអូអប់រំកុមារអំពីរបៀប និងការផ្លាស់ប្តូរឥរិយាបទសង្គម នៅក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ ។

ខ្សែវីដេអូជីវចលភាគ នឹងចាក់ផ្សាយនៅស្ថានីយទូរទស្សន៍មួយចំនួនរយៈពេលមួយខែពេញ និងនៅតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះតទៅ។ ខ្សែវីដេអូនេះ ផលិតរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡា អង្គការយូនីសេហ្វ និង Breakthrough-ACTION តាមរយៈ អង្គការ Save the Children។ Breakthrough-ACTION គឺកម្មវិធីរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលផ្តោតលើការផ្លាស់ប្តូរឥរិយាបថសង្គម ផ្តល់សកម្មភាពផ្សេងៗហានិភ័យនៃការប្រាស្រ័យទាក់ទងស្តីពីជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

ការផលិតវីដេអូជីវចលនេះ គឺបានការគាំទ្រពីទីភ្នាក់ងាជំនួយអាមេរិក USAID តាមរយៈគម្រោង Breakthrough ACTION ហើយខ្សែវីដេអូនេះ ផ្តល់ជំនាញពេញមួយជីវិតដល់កុមារ និងអ្នកថែទាំ អំពីវិធីការពារខ្លួនពីវីរ៉ុសកូវីដ១៩ ក៏ដូចជាវិធីទប់ទល់ជាមួយរោគរាតត្បាត និងបញ្ឈប់ការរាតត្បាតរបស់វា។

ខ្សែវីដេអូភាគដែលមានលក្ខណៈសប្បាយក្នុងន័យអប់រំនេះ ផលិតឡើងសម្រាប់កុមារដែលមានអាយុចាប់ពី៥ ដល់១០ឆ្នាំ ហើយមានគ្រួសារទន្សាយជាតួអង្គ ។ ដំណើររឿង និងសារ មានដូចជាការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពសង្គម ស្វ័យសិក្សានៅផ្ទះ សុខមាលភាពផ្លូវចិត្ត និងផ្លូវកាយ និងការរើសអើង។ វគ្គនីមួយៗ គឺមានលក្ខណៈប្លែកៗពីគ្នា និងទាក់ទាញសម្រាប់ឪពុកម្តាយ និងអ្នកថែទាំកុមារផ្សេងទៀត ដែលនឹងរៀនជាមួយកូនៗផងដែរ ពីវិធីអនុវត្តវិធានការការពារពីជំងឺកូវីដ១៩។

លោកស្រី អេលីហ្សាប៊ែត ភៀស (Elizabeth Pearce) នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា បានពន្យល់ថា៖ “ភាពស៊ាំរបស់កុមារទៅនឹងជំងឺកូវីដ១៩ មិនទាន់រឹងមាំទេ ហើយកុមារអាចដើរតួយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយការឆ្លងរាលដាល មិនត្រឹមតែក្នុងចំណោមពួកគេទេ ប៉ុន្តែផ្តល់ព័ត៌មានដល់ឪពុកម្តាយ និងកុមារតូចៗផងដែរ។ ជាទូទៅ ការឆ្លងជំងឺនេះ បានរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមកុមារ ដែលមិនបានយល់ដឹងពីការអនាម័យខ្លួនប្រាណ។ យើងមិនសូវមានព័ត៌មានដែលអាចជឿជាក់ និងដែលមានលក្ខណៈកុមារមេត្រី ពីវិធានការការពារពីជំងឺកូវីដ១៩សម្រាប់កុមារ អាយុពី៥ ទៅ១០ឆ្នាំ និងមិនសូវមានលំហូរព័ត៌មានពីការការពារពីជំងឺកូវីដ១៩ដល់ក្រុមដែលងាយរងគ្រោះដូចជា លោកតា លោកយាយ ជាពិសេសលោកយាយ និងមីងដែលជាអ្នកមើលថែកុមារផ្ទាល់ ដោយសារសាលាត្រូវផ្អាកការសិក្សា។ វិធានការដែលសាមញ្ញ និងព័ត៌មានដែលសមស្របនឹងអាយុកុមារអាចជួយការពារកុមារពីការឆ្លងជំងឺកូវីដ១៩បាន”។

ដោយសារតែប្រទេសមួយចំនួនបានបិទការធ្វើដំណើរ សិស្សានុសិស្សប្រមាណជា១,៥ ប៊ីលាននាក់ មិនបានទៅសាលារៀន និងមហាវិទ្យាល័យ។ សម្រាប់កុមារភាគច្រើន សាលារៀនជាកន្លែងដែលផ្តល់ព័ត៌មានដែលអាចទុកចិត្តបាន។ ខ្សែវីដេអូភាគនេះ ផ្សាយនៅក្នុងកម្មវិធីកុមារនៅរៀងរាល់ចុងសប្តាហ៍នៅស្ថានីយទូរទស្សន៍បាយ័ន ប៉ុស្តិ៍លេខ៥ និងភីអិនអិន ក៏ដូចជានៅតាមបណ្តាញព័ត៌មានសង្គម។

លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ (Cristian Munduate) នាយិកាអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងដឹងថានៅពេលមានវិបត្តិ កុមារទទួលរងគ្រោះខ្លាំងបំផុត។ យូនីសេហ្វបាននឹងកំពុងធ្វើការជាមួយដៃគូដើម្បីធានាថាកុមារអាចទទួលបានព័ត៌មានដែលមានលក្ខណៈកុមារមេត្រី និងបញ្ចូលគ្នាពីវិធីការពារខ្លួន។ ការដឹងពីរបៀបលាងដៃដែលត្រឹមត្រូវ ឬរក្សាចម្ងាយពីគ្នាអាចជួយជីវិតពួកគេបាន។ នៅពេលសាលា និងព្រឹត្តិការណ៍សាធារណៈមិនដំណើរការ យើងសង្ឃឹមថាតាមរយៈទូរទស្សន៍ និងបណ្តាញព័ត៌មានសង្គម យើងអាចផ្តល់ដល់គ្រួសារនៅក្នុងប្រទេសនូវចំណេះដឹងដែលជួយពួកគេឱ្យមានសុខភាពល្អ និងសុវត្ថិភាព៕” ដោយ៖ ហេង បញ្ញា