ក្រសួងអប់រំ ដាក់ឱ្យដំណើរការការ​បង្រៀន​អក្ខរកម្ម និង​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​ពី​ចម្ងាយ

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០–

ក្រសួងអប់រំយុវជននិងកីឡាដាក់ដំណើរការជាផ្លូវការនូវវីដេអូស្ដីពី “ការបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានពីចម្ងាយ ក្រោមកិច្ចគាំទ្រជាថវិកា និងបច្ចេក​ទេស​ពីសំណាក់អង្គការយូណេស្កូប្រចាំនៅកម្ពុជា។ ការសម្រេចបើក​កម្មវិធីរៀនពីចម្ងាយនេះ​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាលជំងឺកូវីដ-១៩ ខណៈក្រសួងបានបិទសាលារៀនទៅ​ទូទាំង​ប្រទេស។ នេះ​បើ​យោងការចេញផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់​ក្រសួង​អប់រំ​យុវជន​និងកីឡា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

បើតាមក្រសួងអប់រំបានឱ្យដឹងថា  ការដាក់ឱ្យដំណើរការជាផ្លូវការការបង្រៀន​អក្ខរ​កម្ម​និង​កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានពីចម្ងាយគឺជាមធ្យោបាយ​ដ៏ល្អ​បំផុត​ក្នុង​ការ​ជំរុញ​ការ​សិក្សា​របស់​ប្រជាពលរដ្ឋ យុវជន និង​កម្មករ កម្មការិនី​រោងចក្រ ក៏​ដូច​ជា​ការ​ឆ្លើយ​តប​ជា​មួយ​ការ​អប់រំ​ក្នុង​យុគ​សម័យ​ឌីជីថល របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ។

សូមបញ្ជាក់ថា តាម​រយៈ​ការ​បង្កើត​គណៈកម្មការ​ដឹកនាំ​ផលិត​វីដេអូ​ស្តីពី​ការ​បង្រៀន​អក្ខរកម្ម​ពី​ចម្ងាយ ក្រុម​ការងារ​បាន​សម្រេច​ថត​វីដេអូ​ស្ដីពី​ “ការ​បង្រៀន​អក្ខរកម្ម​”មុខវិជ្ជា​គណិតវិទ្យា​ចំនួន ២៩ វីដេអូ ថត​នៅ​ស្ទូឌីយោ​ពហុ​មេឌា​នៃ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​មុខ​វិជ្ជា​ភាសា​ខ្មែរ​ចំនួន ៥៥​វីដេអូ ថត​នៅ​ស្ទូឌីយោ​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ។ ដោយ​ឡែក​ការ​ផលិត​វីដេអូ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​ចំនួន ៦០ វីដេអូ គឺ​ជា​បន្ទុក និង​ថត​នៅ​ស្ទូឌីយោ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន៕ ដោយ៖ប៊ុនរិទ្ធ