ក្រសួងបរិស្ថាន បង្កើនចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថានតាមប្រព័ន្ធអនឡាញ

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបាន​ដឹក​​នាំកិច្ចប្រជុំស្ដីពីការពង្រឹងសមត្ថភាពការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹង​បរិស្ថាន​តាម​​​រយៈប្រព័ន្ធអនឡាញ (ZOOM Meeting) ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរ​បរិស្ថាន​​រាជធានី ខេត្តទាំង២៥។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍១៥ រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ នេះបើ​យោង តាមក្រសួងបរិស្ថាន។

ឯកឧត្ដម ជួប ប៉ារីស៍ មានប្រសាសន៍ចែករំលែកចំណេះដឹងទាក់ទងនឹងព្រៃឈើ និង​ថាមពល ការហូរច្រោះដី និងវិធីសាស្រ្ដ​ទប់ស្កាត់ការហូរច្រោះនៃដី។ ឯកឧត្ដមអគ្គនាយក ក៏បានណែនាំឱ្យមន្រ្តីការិយាល័យ​ផ្សេងៗ​នៃមន្ទីរបរិស្ថានរាជធានីខេត្ត អាចចូលរួម វគ្គ​បណ្ដុះ បណ្ដាលជាមួយអគ្គនាយកដ្ឋាន​ចំណេះដឹង និងព័ត៌មានបរិស្ថាន តាមរយៈអន​ឡាញ​រៀងរាល់សប្ដាហ៍បាន តាមរយៈប្រព័ន្ធ ZOOM Meeting។

ជាមួយគ្នានេះ ក្រុមការងារនៃនាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មានបរិស្ថាន បានចូល​រួមធ្វើបទបង្ហាញការសរសេរសេចក្តីរាយការណ៍ព័ត៌មានបន្ថែមទៀត។

លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន​បានឱ្យដឹងថា ការផ្សព្វផ្សាយតាមប្រព័ន្ធនេះគឺពិតជាមានសារៈសំខាន់ ជាពិសេស​ការផ្សព្វផ្សាយព័ត៌មាន​បរិស្ថាន ដែលជាមធ្យោបាយផ្តល់នូវព័ត៌មាន និងបង្កើនចំណេះ​ដឹងបរិស្ថានដល់សាធារណ​ជន ឱ្យមានការគិតគូរខ្ពស់ក្នុងសកម្មភាពមេត្រីបរិស្ថាន។ លោក បានលើក​ឡើងពីចំណុចសំខាន់នៃតួនាទីនៃជនបង្គោលព័ត៌មាន និងរបៀបធ្វើការអត្ថាធិ​ប្បាយ​​​លើ​សេចក្តីរាយការព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ឱ្យបាន​កាន់​តែទូលំ​ទូលាយ ធ្វើឱ្យមានការផ្លាស់ប្តូរទម្លាប់វិជ្ជមានចំពោះកិច្ចគាំពារបរិស្ថានការគ្រប់​គ្រង​ធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។

សូមបញ្ជាក់ថា បន្ទាប់ពីមានបទបង្ហាញនីមួយៗ ក៏មានសំណួរ-ចម្លើយ រវាង​ថ្នាក់​ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានព័ត៌មាន និងមន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ បន្ថែមទៀត ទាក់ទងនឹងចំណេះដឹងនៃការរាយការណ៍ព័ត៌មាន និងការងារប្រតិបត្តិ​បង្កើន​ចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថានផងដែរ៕ ដោយ៖ ពេជ្រ ណារិទ្ធ