មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា ក្រសួងមិនបានអនុញ្ញាតឱ្យមានការនាំចូលជង្គង់​មាន់ និង​គ្រឿងក្នុងពីប្រទេសជិតខាងនោះទេ

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអះអាថា ក្រសួងមិនបាន​អនុញ្ញាតឱ្យ​មានការនាំចូលជង្គង់មាន់ និងគ្រឿងក្នុងមាន់ពីប្រទេសជិតខាងនោះទេ។

​ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​សុខភាព និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកឡើងថា កន្លងមកចំនួនមាន់មាន​ការ​ចុះថោកដោយសារចំនួនមាន់ចិញ្ចឹមមានការកើនឡើងច្រើននៅ​ពេលទទួលបានផល។

ឯកឧត្ដមបានបន្តថា តាមគោលការណ៍អាស៊ានប្រទេសមួយមិន​អាចមានសិទ្ធិបិទការនាំចូលនោះទេ ប៉ុន្តែនៅពេលប្រទេសណាមួយមានការផ្គត់ផ្គង់គ្រប់​គ្រាន់ហើយយើងអាចកាត់បន្ថយ និងឈានដល់ការនាំចូលបាន ជាពិសេសនោះការផ្ដល់​នូវ​អនុសាសន៍របស់សម្តេចតេជោ គឺមិនចង់ឱ្យមានការនាំចូលពីប្រទេសជិតខាងទេ។

ឯកឧត្ដមបានបញ្ជាក់ថា “យើងមិនអនុញ្ញាតឱ្យនាំចូលជង្គង់មាន់ ឬគ្រឿងក្នុងមាន់​នោះ​ទេ។ ករណីមាន ដោយសារខាងមន្ត្រីខាងអគ្គនាយកដ្ឋាន និងពេទ្យសត្វចាប់បានគេដុត​ចោលតែម្តង ការធ្វើបែបនេះគឺការពារសុខភាពនិងហានិភ័យដល់សារធារណៈ”។

ឯកឧត្ដម​បានបន្ដថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគោរពតាមការណែ​នាំពីប្រមុខ​រាជរដ្ឋាភិបាល ដោយបានធ្វើការទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង កាល​ពីខែកុម្ភៈ ឆ្នាំ២០២០។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ក្រសួងមិនបានបិទក្រុមហ៊ុនណាមួយទេ ប៉ុន្តែ​អ្វីដែលក្រសួងធ្វើ​ការ​គឺក្រសួងបានកាត់បន្ថយចំនួនជ្រូក នាំចូលពីប្រទេសជិតខាង​ប្រមាណ​៧០ភាគរយ ហើយចំនួនក្រុមហ៊ុននៅដដែល ។

ឯកឧត្ដមបានបន្ថែមថា “យើងមិនបានកាត់បន្ថយចំនួនក្រុមហ៊ុននោះទេ ប៉ុន្តែ​យើង​កាត់បន្ថយចំនួននាំចូលជ្រូក ហើយមូលហេតុដែលយើងបិទក្រុមហ៊ុននៅពេល​បច្ចុប្បន្នគឺ យើងមានឯកសារ ដោយសារគាត់បានសន្យាថានៅពេលគាត់ធ្វើ ខុសគាត់នឹងឈប់ធ្វើការ​រក​ស៊ីនឹងសត្វហើយ។ គាត់ធ្វើខុសដោយដឹកជញ្ជូនខុសច្បាប់​ដែលក្រសួងហាម​ឃាត់”៕ ​ដោយ៖ ប៊ុនរិទ្ធ