រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការអនុវត្តនីតិវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្ររងផលប៉ះពាល់អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩

AKP ព្រះសីហនុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

​នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកក្រសួងផែនការ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការ អនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្ររងផលប៉ះពាល់អំឡុងពេល នៃការរីករាលដាល នៃជំងឺ កូវីដ-១៩ និងមានការចូលរួមផងដែរពីអភិបាល អភិបាលរងក្រុង ស្រុក និងប្រធាន មន្ទីរពាក់ព័ន្ធ។

​ឯកឧត្តម ថេង បញ្ញាធន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុក ដាក់ពីផលប៉ះពាល់ដោយសារ covid-19 ដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងជំរុញឱ្យក្រសួង ផែនការចុះធ្វើបច្ចុប្បន្នភាពស្រង់គ្រួសារក្រីក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឧបត្ថម្ភ សាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ ហើយកម្មវិធីនេះ គឺអនុវត្តន៍នៅតាមរាជធានី ខេត្ត ហើយយើងក៏ចាប់ផ្តើមអនុវត្តន៍នៅខេត្តកណ្ដាលមុនគេ ម្យ៉ាងទៀតត្រូវផ្សព្វផ្សាយដល់ រដ្ឋបាលរាជធានី ខេត្ត ដើម្បីចុះស្រង់ស្ថិតិគ្រួសារក្រីក្រ ឱ្យបានច្បាស់លាស់ប្រកបដោយ តម្លាភាព។ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដើម្បីលើកកម្ពស់គុណភាព ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺ Covid-19 ។


បើតាមទិន្នន័យឆ្នាំ២០១៧ កម្ពុជាមានគ្រួសារក្រីក្រចំនួន ៥៤ម៉ឺននាក់ ប្រសិនបើរក ឃើញគ្រួសារណាដែលមានជីវភាពប្រសើរ ត្រូវដកចេញ និងបញ្ចូលគ្រួសារក្រីក្រដែល ក្រុមការងារចុះស្រង់ស្ថិតិ និងធ្វើការសម្ភាសន៍ជាក់ស្តែងនៅតាមមូលដ្ឋាន និងដោយ មានការវាយតម្លៃ ពីអាជ្ញាធរភូមិ ឃុំ សង្កាត់ ដោយមិនត្រូវយកគ្រួសារនិយមនោះទេ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវផ្សាយផ្សាយដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ស្តីពីការងារចុះស្រង់ស្ថិតិ សម្ភាសន៍ ជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺ Covid-19 ធ្វើឱ្យបានលឿន មានប្រសិទ្ធភាព ព្រោះអាជ្ញាធរភូមិ ឬសមាជិកភូមិ ឃុំ សង្កាត់ ពួកគាត់ដឹងពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋានរបស់គាត់ ហើយត្រូវរាយការណ៍មកឱ្យឃុំ សង្កាត់ ក្រុង ស្រុក បានទាន់ពេលវេលា៕ ដោយ៖ងូ សុមុនី