ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូ រៀបការ៉ូឡា និងដាំដើមឈើលើចិញ្ចើមផ្លូវព្រះនរោត្តម និងអ៊ុតកៅស៊ូលើផ្លូវ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២០ នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូ ការរៀបការ៉ូឡា និងដាំដើមឈើនៅតាមបណ្ដោយផ្លូវព្រះនរោត្តម និងនៅលើផ្លូវលេខ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាន បញ្ជាក់ឱ្យដឹងថា ការដ្ឋានដែលកំពុងដំណើរការនៅលើមហាវិថីព្រះនរោត្ដម គឺជាការដ្ឋានដាក់ ប្រព័ន្ធលូ បង្ហូរទឹកមុខកាត់១ម៉ែត្រ ការរៀបការ៉ូឡានៅចិញ្ចើមផ្លូវ បង្កើតជាសួនច្បារ និងដាំ ដើមឈើផងដែរ។ ចំណែកនៅលើកំណាត់ផ្លូវ៤៦២ ការដាក់ប្រព័ន្ធលូ ក្រុមការងារបានដាក់រួច រាល់ហើយ។

ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យការរៀបការ៉ូឡាតាមចិញ្ចើមផ្លូវនេះឱ្យបានលឿន និងមានគុណភាពស្របតាមស្តង់ដារបច្ចេកទេសជាមួយនឹងការអ៊ុតកៅស៊ូនៅលើបណ្ដោយ ផ្លូវនេះឱ្យបានស្អាតផងដែរ ដោយចាប់ពីមហាវិថីព្រះនរោត្តម រហូតដល់ផ្លូវលេខ៦៣៕

ដោយ៖សួស សំរិត