អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បណ្តុះបណ្តាលស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារ​ក្រីក្រ ដោយចងក្រងឯកសារបញ្ជីនៅតាមភូមិ

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំសិក្ខាសាលាបណ្តុះ បណ្តាលស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដោយជ្រើសរើសក្រុមតំណាងសម្រាប់ រៀបចំផែនការ និងថវិកា និងចងក្រងបញ្ជីគ្រួសារក្រីក្រនៅក្នុងភូមិ។ សិក្ខាសាលានេះ បាន​ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើដំណាក់កាល និងជា​ជំហានៗ ក្នុងនោះ ជំហានទី១  គឺការជ្រើសរើស និងបណ្តុះបណ្តាលក្រុមតំណាងគណៈ​កម្មាធិការ​ផែន​ការ និងថវិកា។ ជំហានទី២ ការជ្រើសរើស និងបណ្តុះបណ្តាលក្រុមតំណាងភូមិ និង​ជំហានទី៣ ការចងក្រងបញ្ជីគ្រួសារក្នុងភូមិសម្រាប់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការ​សម្ភាសន៍គ្រួសារ និងចងក្រងបញ្ជីព្រាងគ្រួសារក្រីក្រលើកដំបូង។

ឯកឧត្ដមអគ្គ​លេខា​​ធិ​ការបានបន្ដថា ជំហានបន្ទាប់គឺកិច្ចប្រជុំពិគ្រោះយោបល់ក្នុងភូមិ ស្តីពីបញ្ជីព្រាងគ្រួសារ​ក្រីក្រលើកដំបូង ការទទួលមតិជំទាស់របស់អ្នកភូមិ និងការរៀបចំបញ្ជីព្រាងគ្រួសារក្រីក្រ​ចុង​ក្រោយ។ ឯកឧត្ដមបានបន្ថែមថា ក្នុងជំហានចុងក្រោយនេះ នឹងត្រូវធ្វើការពិនិត្យឡើង វិញ និងការអនុម័តបញ្ជីគ្រួសារក្រីក្រ​ចុង​ក្រោយ និងការចេញប័ណ្ណសមធម៌ ដោយក្រុម​ប្រឹក្សាឃុំ សង្កាត់៕ ដោយ៖ឡុង ស៊ីវ៉ាន់