អាជ្ញាធរជាតិអប្សរាបង្ហាញថា នៅដើមឆ្នាំ២០២១ នៅបរិវេណមុខប្រាសាទអង្គរវត្ត​ នឹងមិនមាន​សំណង់ទៀតទេ ដោយតំបន់​នេះនឹង​ក្លាយ​ទៅ​ជាតំបន់បៃតង សម្បូទៅដោយផ្កាចម្រុះ និងដើមឈើប្រណិតៗ

AKP សៀមរាប ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម យិន ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បាន​ឱ្យ​ដឹងនៅ​ព្រឹកថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់ និងតូបលក់ដូរទាំង​អស់ដែលមាន​នៅមុខបរិវេណ ប្រាសាទ​អង្គរវត្ត​នាពេល​នេះ និងត្រូវរុះរើចេញទាំងអស់​នៅត្រឹមចុងឆ្នាំ២០២០ ដោយ​ក្នុង​នោះ សម្រាប់អគារនគរបាលបេតិកភណ្ឌត្រូវរុះរើប្តូរទៅទីតាំង​ថ្មី សម្រាប់តូបលក់ដូរទាំង​អស់រួមជា មួយតូបនៅជុំវិញត្រពាំង​សេះ គឺត្រូវរើចេញទាំងអស់ដោយឱ្យចូលទៅលក់ទីតាំងថ្មីនៅក្នុង មជ្ឈមណ្ឌ​លបដិសណ្ឋារកិច្ច ហើយសម្រាប់អគាររបស់អាជ្ញាធរជាតិអប្សរា ដែលមាននៅបរិ វេណមុខប្រាសាទអង្គរនេះ ក៏កំពុងតែធ្វើការរុះរើចេញបណ្តើរៗហើយដែរ។

ដោយទីតាំងនៅ បរិវេណប្រាសាទអង្គរវត្តនេះ ត្រូវបាន​កែលម្អទៅជាតំបន់បៃតងសម្បូរទៅដោយផ្កាចម្រុះ និងដើមឈើប្រណិតៗ ហើយគម្រោងនេះ​អនុវត្តន៍បាន​ប្រមាណជិត៦០ភាគរយហើយ។

ឯកឧត្តម​ យិន ចាន់ដារដ្ឋ បាន​បញ្ជាក់ថា ខណៈដែល​ពិភពលោកក៏ដូចជាប្រទេស កម្ពុជាបានរងគ្រោះដោយសារមេរោគកូវីដ-១៩ អាជ្ញាធរ​ជាតិ​អប្សរាមិនបាននៅស្ងៀមទេ គឺបាន​ខិតខំកែលម្អ និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ​ឱ្យកាន់តែមានភាព​ល្អប្រសើរ ហើយសង្ឃឹមថា នៅពេលស្ថានភាពកូវិដមានភាពស្ងប់ស្ងាត់ទៅវិញ អ្នកទេសចរ មកទស្សនាអង្គរ និងមានការពេញចិត្ត​ចំពោះសមិទ្ធផលថ្មីៗដែលពួកគេបានឃើញ៕

ដោយ៖ឃុត សៅ