សប្បុរសជននាំយកថវិកា និងសម្ភារ មកឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥៧

AKP ព្រះសីហនុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសី ហនុ អញ្ជើញទទួលថវិកា និងសម្ភារមួយចំនួនមានដូចជា ខោខ្លី ស្បែកជើង ប្រេងឆា អង្ករ មី ច្រាសដុសធ្មេញ សាប៊ូកញ្ចប់ ស្រោមដៃវេជ្ជសាស្ត្រ និងម៉ាស់ ដែលជាអំណោយមនុស្សធម៌ បានពីសប្បុរសជនក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” នៅទីស្នាក់ កាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅសង្កាត់លេខ៣ ក្រុងព្រះសី​​ហនុ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជា សប្បុរសជនទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈដែលបានចូលរួមវិភាគទាន​ជាមួយ សាខាកាកបាទក្រហមខេត្តព្រះសីហនុនាពេលនេះ ហើយមូលនិធិ និងសម្ភារ ដែលសាខា ទទួលបានពីសប្បុរសជន ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ជួយ ឱ្យសាខាមានធនធានធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើងសំដៅរួម ចំណែកជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗកាត់ បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើកកម្ពស់ គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះជន រងគ្រោះ និងងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រោះ ធម្មជាតិនានា មានដូចជា ខ្យល់ព្យុះ ទឹកជំនន់បានទាន់ពេលវេលា។

ឯកឧត្តម គួច ចំរើន ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សង្ឃឹមនឹងជឿជាក់ថា បងប្អូនសប្បុរសជន អាជីវករ ពាណិជ្ជករក្នុងខេត្ត និង ក្រៅខេត្តបន្តចូលរួមវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ សាខា នឹងទទួលអំណោយមនុស្សធម៌គ្រប់ពេលវេលា៕ ដោយងូ សុមុនី