អភិបាលខេត្តពោធិ៍សាត់ បង្ហាញពីភាពជោគជ័យក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លីនៅ ក្នុងខេត្ត

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

សម្រាប់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា​ រដ្ឋបាល​ខេត្តបាន​ធ្វើការដោះស្រាយបញ្ហាជម្លោះដីធ្លីប្រកបដោយប្រសិទ្ធភាព​ និងជោគជ័យ​ដោយផ្អែកលើ​ទិដ្ឋ​ភាពផ្លូវច្បាប់​និងការពិនិត្យលើឯកសារត្រឹមត្រូវ​។

ក្នុងសន្និសីទសារព័ត៍មានបង្ហាញនូវអ្វីដែលជាសមិទ្ធផល ឆ្នាំ២០១៩ និងលើកទិសដៅបន្ដ​របស់​រដ្ឋបាលខេត្តពោធិ៍សាត់ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ​ព្រឹកថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម​ ម៉ៅ​ ធនិន​ បានគូសបញ្ជាក់ថា​ បញ្ហា​ជម្លោះ​ដីធ្លីដែលមានភាពស្មុគ្រស្មាញ់ដែលខេត្តបានជួបប្រទះនោះគឺបញ្ហាជម្លោះដែលកើតឡើង រវាងក្រុមហ៊ុន​ និងប្រជាពលរដ្ឋ។

ឯកឧត្ដមបានបន្ដថា ប៉ុន្តែបញ្ហានេះគឺខេត្តបានធ្វើ​ការដោះ​ស្រាយអស់រួចរាល់ហើយ។ ឯកឧត្តម​អភិបាលខេត្ដបានបន្តទៀតថា​ ជាយន្តការដោះ​ស្រាយ​លើបញ្ហានេះ​ គឺខេត្តធ្វើដោយផ្អែកលើទិដ្ឋភាពផ្លូវច្បាប់​ ក៏ដូចជាការពិនិត្យលើ​ឯក​សារជាក់ស្តែងដែលមានដើម្បីងាយស្រួលធ្វើការដោះស្រាយ។ ឯកឧត្ដមបានលើកជា​ឧទា​ហរណ៍ថា​ ប្រសិនបើមានការអះអាងថា ដីនោះជារបស់ពួកគេនោះ​ គឺទាមទារឱ្យមានឯក​សារគាំទ្រ​ ហើយខេត្តក៏មាននិយាមការ​ និងផែនទីជាក់លាក់ណាស់ដើម្បីធ្វើការងារនេះ

ឯកឧត្តម​អភិបាលខេត្ដបានបន្ថែមថា​ ខេត្តមានក្រុមការងារដើម្បីធ្វើការដោះស្រាយ​ចំពោះការងារនេះ​ ដោយក្នុងនោះខេត្តមានក្រុមការងារដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត​ ថ្នាក់ស្រុក ដោយមានគណៈកម្មការជំនាញ​ចុះធ្វើដោយមានការសហការពីមន្ទីររៀបចំ​ដែន​ដី​ខេត្ត។ ឯកឧត្តម​បានអះអាងថា​ ជារួមទំនាស់ដីធ្លីធំៗនៅក្នុងខេត្តត្រូវបានដោះស្រាយចប់​អស់ហើ​យក្នុងពេលបច្ចុប្បន្ននេះ។ ដោយឡែកនៅសល់តែជម្លោះដីធ្លីតូចៗ​លក្ខណៈ​គ្រួសារ​ដែលខេត្តបាននិងកំពុងដោះស្រាយប្រកបដោយការទទួលខុសត្រូវខ្ពស់៕ ដោយ៖ ចាប់ សុធីវង្ស