ឯកឧត្តម លុយ ដាវីត ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅតែបន្តធ្វើតាមការគ្រោងទុក ដោយឈរលើស្ថានភាពវិវត្តន៍ជាក់ស្តែង នៃការរីករាលដាលវីរុសកូវីដ១៩

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ខាងមុខនេះ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅតែបន្តធ្វើតាមការគ្រោងទុក ដោយឈរលើស្ថានភាពវិវត្តន៍ជាក់ស្តែង នៃការរីករាលដាលវីរុសកូវីដ១៩។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ តាមរយៈបណ្តាញតេឡេក្រាម ឯកឧត្តម លុយ ដាវីត បានគូសបញ្ជាក់ថា៖ “រហូតមកទល់ថ្ងៃនេះ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក៏ដូចជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិនេះ នៅតែបន្តការរៀបចំកិច្ចប្រជុំកំពូលនេះ តាមពេលវេលាដែលបានគ្រោងទុក ដូចដែលបានឯកភាពគ្នា ជាមួយថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប ទាំង៥៣។ ម្យ៉ាងវិញទៀត លិខិតអញ្ជើញដែលបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស គឺបានបញ្ជូនទៅគ្រប់ភាគីដែលនឹងចូលរួមរួចរាល់អស់ហើយៗរហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំមួយចំនួន បានឆ្លើយតប និងបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ រួចហើយដែរ”។

សម្រាប់ដំណើរការ នៃការរៀបចំកិច្ចប្រជុំកំពូលនេះ ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា៖ “សម្រាប់កម្ពុជាយើង ការងារមួយចំនួនធំ យើងបានសម្រេចអស់ហើយ ដើម្បីឈានទៅការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំខាងលើនេះ នៅខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ ជាឧទាហរណ៍ ដូចជាការសាងសង់អគារទំនើប សម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ គឺជិតរួចរាល់ហើយ ខណៈមធ្យោបាយធ្វើដំណើរ សម្រាប់ទទួលប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំប្រទេស និងដៃគូទាំង៥៣ នោះ ក៏បានមកដល់កម្ពុជាយើងរួចរាល់ហើយដែរ។ ខ្ញុំសូមសង្កត់ធ្ងន់ថា ហានិភ័យតែមួយគត់ ដែលអាចប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលនេះ គឺបញ្ហាជំងឺកូវីដ១៩នេះហើយ ហេតុដូច្នេះហើយ ទើបយើងត្រូវតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ទាំងក្នុងកម្ពុជា ក៏ដូចជាសកលលោកទាំងមូល អំពីការស្ថានការណ៍វិវត្តិន៍នៃជំងឺនេះ”។

គួររម្លឹកថា ទោះបីកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប ដែលគ្រោងធ្វើនៅខេត្តសៀមរាប កាលពីខែមីនា ឆ្នាំ២០២០ ត្រូវបានលើកពេល ដោយសារតែវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា ប៉ុន្តែកាលពីថ្ងៃទី២១ ខែមេសា កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានរៀបចំកិច្ចប្រជុំកំពូលនេះ តាមរយៈក្រសួងការបរទេស និងលេខាធិការដ្ឋាន បានរៀបចំកិច្ចប្រជុំប្រទេសសម្របសម្រួល ASEM តាមប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួមពីប្រទេសសម្របសម្រួលអាស៊ី-អឺរ៉ុបចំនួន០៤ និងដៃគូ ក្នុងនោះមានសហភាពអឺរ៉ុប ប្រទេសក្រូអាស៊ី ដែលតំណាងឱ្យក្រុមប្រទេសអឺរ៉ុប ប្រទេសសិង្ហបុរី និងរុស្ស៊ី ដែលតំណាងឱ្យក្រុមប្រទេសអាស៊ី ដែលក្នុងកិច្ចប្រជុំនោះ ឯកឧត្តម លុយ ដាវីត បានរាយការណ៍អំពីវឌ្ឍនភាពការងារ ដើម្បីឈានទៅរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ហើយប្រទេសសម្របសម្រួលទាំង០៤ បានសម្តែងនូវការគាំទ្រដល់កម្ពុជា ក្នុងការបន្តរៀបចំកិច្ចប្រជុំដ៏ធំមួយនេះផងដែរ។

ឯកឧត្តម លុយ ដាវីត បានរម្លឹកជាចុងក្រោយថា បើស្ថានការណ៍វិវត្តន៍នៃការរីករាលដាលវីរុសកូវីដ១៩ នៅតែបន្ត ហើយកាន់តែខ្លាំង ព្រមជាមួយនឹងប្រទេសដ៏ទៃទៀត ផ្អាកការរៀបចំកិច្ចប្រជុំកំពូលធំៗនោះ គឺកម្ពុជាពុំមានជម្រើសអ្វីក្រៅពីលើកពេលវេលានៃកិច្ចប្រជុំនេះដែរទេ ប៉ុន្តែរាល់ការពន្យាពេល ឬលើកពេលវេលាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ គឺត្រូវតែមានកុងសង់ស៊ីសរវាងដៃគូទាំង៥៣។

សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ចំនួន៥១ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប៕ ដោយ៖ ផែន រតនៈ