បទយកការណ៍៖ អ្នកច្នៃប្រឌិតនៅកម្ពុជាបង្កើតធុងដាំបន្លែ ដែលអាចបំពេញមុខងារយ៉ាងហោច ចំនួន០៣ នៅក្នុងពេលតែមួយ

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ —

បុរសជនជាតិខ្មែរមួយរូប និងដៃគូជាជនជាតិសិង្ហបុរី បានផ្តួចផ្តើមកែច្នៃផលិតចេញនូវធុងដាំបន្លែសរីរាង្គមួយប្រភេទ ដែលអាចបំពេញមុខងារយ៉ាងហោចណាស់ ចំនួន០៣ ព្រមគ្នានៅក្នុងពេលតែមួយ ។

លោក គីម នីដូ ជាស្ថាបនិក និងនាយករដ្ឋប្រតិបត្តិនៃក្រុមហ៊ុន ទ្វីង អាហ្រ្គី តិច (T.W.I.N Agri Tech Co., Ltd.) បានថ្លែងឱ្យដឹងថា វិបត្តិជំងឺកូវីដ-១៩ បានបំផ្លាញវិស័យកសិកម្ម និងវិស័យផ្សេងៗនៅលើពិភពលោក រួមទាំងជីវិតរបស់មនុស្សផងដែរ។ សព្វថ្ងៃនេះប្រជាជនកំពុងតែស្រ្តេសដោយសារតែជំងឺកូវីដនេះ ពួកគាត់មិនសូវហ៊ានចេញទៅក្រៅទេ ក្រុមហ៊ុនរបស់លោកបានគិតដល់ចំណុចទាំងអស់នេះ ហើយបានផលិតកែច្នៃជាធុងបន្លែធម្មជាតិនេះ ដែលអាចឱ្យពួកគាត់ដាំនៅក្នុងផ្ទះរបស់ខ្លួនបាន ។

តាមការរៀបរាប់របស់លោក គីម នីដូ ដើម្បីអនុវត្តការដាំបន្លែនៅលើធុងកែច្នៃនេះ គឺត្រូវការទំហំដីត្រឹមតែ១ម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែគេអាចដាំបន្លែបានពី៥៥ ទៅ ៦០គុម្ពឯណោះ។ ធុងបន្លែសរីរាង្គនេះ គេអាចដាំនៅកន្លែងធ្វើការ នៅគេហដ្ឋានបាន ហើយថែមទាំងមានកន្លែងសម្រាប់បំប្លែងកាកសំណល់ផ្ទះបាយដោយមិនមានក្លិន សម្រាប់យកទឹក និងកាកសំណល់ធ្វើជាជីដាក់បន្លែនេះដោយផ្ទាល់បានថែមទៀតផង។

លោកបានបញ្ជាក់ថា៖ “នៅក្នុងមួយធុងនេះ គឺមានបន្លែនៅក្នុងនោះស្រាប់ មានជី មានជន្លេន ហើយនិងមានកន្លែងសម្រាប់កែច្នៃកាកសំណល់ថែមទៀត ។ មួយធុងនេះមានតម្លៃ ១៤០ដុល្លារ “។

ធុងដាំបន្លែសរីរាង្គដែលកែច្នៃនេះ មានកម្ពស់ប្រមាណជា ១ម៉ែត្រ ដោយនៅកណ្តាលមានប្រហោងមួយ ។ សារៈប្រយោជន៍របស់ប្រហោងនៅលើធុងជ័រកែច្នៃនេះ គឺសម្រាប់ដាក់កម្ទេចកម្ទីកាកសំណល់ពីផ្ទះបាយ ដែលរួមមានកាកសំណល់បន្លែ ផ្លែឈើ ជាពិសេសប្រភេទបន្លែរលួយផ្សេងៗ លើកលែងតែខ្លាញ់ ។ កាកសំណល់ទាំងនេះ នឹងត្រូវបានបំបែកធាតុជាជី និងទឹកដោយពពួកសត្វជន្លេនដែលមាននៅក្នុងធុងនេះ។ ទឹកដែលសល់ពីកាកសំណល់ទាំងនេះ គឺមិនមានក្លិននោះទេ ហើយនៅក្នុងធុងនេះមានតម្រងមួយ សម្រាប់គេត្រងយកទឹកទាំងនេះធ្វើជាជីស្រោចទៅលើបន្លែវិញនៅលើធុងទាំងនេះក៏បាន ។

តាមការពន្យល់ដោយកម្មករ ដែលកំពុងតែបម្រើការងារប្រចាំថ្ងៃនៅទីលានកែច្នៃសំរាមនោះផ្ទាល់ បានឱ្យដឹងថា កាកសំណល់ ដែលបានមកពីការបំបែកធាតុនៃសំរាមតាមផ្ទះ ដែលគេអាចដាក់នៅក្នុងធុងនេះគឺអាចយកទៅចិញ្ចឹមត្រីក៏បានផងដែរ ពីព្រោះវាជាអាហារធម្មជាតិសុទ្ធសាធ។

លោក គីម នីដូ បានឱ្យដឹងបន្តថា សម្រាប់អ្នកដែលចាប់អារម្មណ៍នឹងធុងបន្លែសរីរាង្គនេះ គឺក្រុមហ៊ុនអាចផ្តល់ជូនសេវាដាំបន្លែ តាមការស្នើសុំរបស់អតិថិជន ហើយជាទូទៅ កន្លងមក អតិថិជនភាគច្រើនបានស្នើសុំដាំបន្លែពី ៥ទៅ៧មុខនៅក្នុងមួយធុង ហើយក្រុមហ៊ុននឹងផ្តល់ជូនសេវាកម្មថែមទំារយៈពេល០៤ សប្តាហ៍ ដោយនៅក្នុងរយៈពេលនេះក្រុមហ៊ុនក៏នឹងពន្យល់ពីវិធីថែរក្សាសំណល់ ក៏ដូចជាប្រើប្រាស់កាកសំណល់ វិធីសម្អាត …។ល។

លោកបានបញ្ជាក់ថា៖ ” ជាទូទៅធុងបន្លែនេះអាចជួយអតិថិជនបានច្រើន ទីមួយជាកន្លែងលម្អ ទីពីរគឺជាកន្លែងសម្រាប់កាត់បន្ថយកាកសំណល់ផ្ទះបាយ និងទី៣ ជាឧបករណ៍សម្រាប់កាត់បន្ថយស្ត្រេស ហើយក៏អាចឱ្យយើងទទួលបាននូវបន្លែស្រស់ និងធម្មជាតិដែលយើងអាចដាំដោយខ្លួនយើងផងដែរ ” ។

រហូតមកដល់ពេលនេះ គេដឹងថា នៅក្នុងមួយគ្រួសារៗអាចបន្សល់ទុកនូវកាកសំណល់ប្រមាណជា ពី៣ ទៅ ៥ គីឡូក្រាម ហើយនៅក្នុងចំណោមនោះ កាកសំណល់ពីផ្ទះបាយ គឺមានប្រមាណជា ៥០ ទៅ ៧០ ភាគរយ នៃកាកសំណល់ប្រចាំថ្ងៃ។ កាកសំណល់ទាំងនោះត្រូវបានដាក់លាយឡំគ្នា ប៉ុន្តែរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ណែនាំប្រជាពលរដ្ឋឱ្យចេះញែកកាកសំណល់ សម្រាប់ងាយស្រួលនៅក្នុងប្រតិបត្តិការកែច្នៃកាកសំណល់ទាំងនោះឡើងវិញ៕

ដោយ៖ ហេង បញ្ញា រូបថត៖ ផល សុផានិត