ប្រជាពលរដ្ឋ៩៩គ្រួសារ នៅភូមិធម្មជាតិសម្ដេចតេជោ ស្រុកជាំក្សាន្ត ចាប់ឆ្នោតជំហ៊ានដំបូង ទទួលយកដីកសិកម្មពីអាជ្ញាធរខេត្ត

AKP ព្រះវិហារ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

រដ្ឋបាល​ខេត្ត​ព្រះវិហារ​ ដឹកនាំ​ដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានរៀបចំពិធីចាប់ឆ្នោតបែងចែកដីធ្វើកសិកម្មជូនប្រជាពលរដ្ឋចំនួន៩៩គ្រួសារ នៅភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ជាច្រើនរូបទៀត ។

ឯកឧត្តម ប្រាក់ សុវណ្ណ មានប្រសាសន៍ថា ដីឡូត៍ធ្វើកសិកម្មដែលប្រគល់ជូនប្រជាពលរដ្ឋចំនួន៩៩គ្រួសារ ក្នុងចំណោម ១.០៤៥គ្រួសារ រស់នៅភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត បានចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍ធ្វើកសិកម្ម ដែលជាដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដែលបានប្រគល់ជូនពួកគាត់ តាមរយៈអាជ្ញាធរខេត្តនេះ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព មានចំនួន ៥.០០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត ។ ក្រុមការងារគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្ត រៀបចំផ្តល់ដីសម្បទានសង្គមកិច្ច (ដីធ្វើកសិកម្ម) ជូនប្រជាពលរដ្ឋ ចំនួន១.០៤៥គ្រួសារ ដែលបានទទួលដីលំនៅឋានក្នុងភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន រួចហើយ ។ ពេលនេះប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានដីឡូត៍ធ្វើកសិកម្មចំនួន ២ហិកតា មានសិទ្ធិប្រើប្រាស់អាស្រ័យផលផ្តាច់មុខ និងទូលំទូលាយរយៈពេល ៥ឆ្នាំទើបអាចមានសិទ្ធិយកដីនេះទៅលក់ដូរ ជួល ផ្ទេរ ឬបញ្ចាំធនាគារបាន ។

ឯកឧត្តម ក៏បានណែនាំឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តន៍តាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងមានមនសិការទទួលខុសត្រូវខ្ពស់ ការពារកុំឱ្យមានការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ បោះបង្គោលលើដីរដ្ឋថ្មីៗ ត្រូវហាមឃាត់ជាដាច់ខាត ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសជាតិ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារនៃគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្តដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រកបដោយស្មាតីលះបង់ខ្ពស់ ក្នុងការរៀបចំកិច្ចដំណើរការនៃការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជ   រដ្ឋាភិបាល ទៅតាមជំហានៗ​ មានការរៀបចំធ្វើផ្លូវ រៀបចំបោះបង្គោលព្រំដីធ្វើកសិកម្ម រៀបចំផ្ទៀងផ្ទាត់មុខសញ្ញាអ្នកទទួលដីសរុបចំនួន ១.០៤៥គ្រួសារ រៀបចំធ្វើពិធីចាប់ឆ្នោតប្រគល់ដីឡូត៍កសិកម្មចំនួន ៩៩ឡូត៍ ស្មើនឹង ១៩៨ហិកតា ចំពោះបងប្អូនដែលមិនទាន់ទទួលបាននៅថ្ងៃនេះ នឹងបានទទួលនៅថ្ងៃក្រោយបន្តបន្ទាប់ទៀត ៕ ដោយ៖ទិត ស្រ៊