កិច្ច​ប្រជុំពិភាក្សា និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ

AKP ភ្នំពេញ ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ​២០២០–

ឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមជំនួយការរៀបចំសេចក្ដីព្រាងច្បាប់ (Ad-hoc) និងក្រុមជំនួយការលេខាធិការរបស់ក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ កាលពីថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

បើតាមការផ្សាយ​របស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ​កិច្ចប្រជុំនោះត្រូវបានធ្វើឡើង​ផ្ដោតជាសំខាន់លើការប្រកាសសុពលភាពសេចក្តីសម្រេចលេខ០២៧ សសរ.សក បង្កើតក្រុមការងារអន្តរក្រសួង និងប្រកាសលេខ១៧៤ ប្រក.សក ស្តីពីការបង្កើតក្រុមជំនួយការរៀបចំសេចក្តីព្រាងច្បាប់ Ad-hoc ដើម្បីពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ សាវតានៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូ ខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូ។

នៅក្នុង​ឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីលទ្ធផលការងារសំខាន់ៗដែលសម្រេចបាន រួមមាន៖ សេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ អនុក្រឹត្យ និងរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំការងារគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមទៀតអំពីសារៈសំខាន់នៃការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ ដែលនឹងជួយធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងការអភិរក្សជីវចម្រុះ នៅពេលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនាពេលខាង មុខ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា ដោយមើលឃើញអំពីតម្រូវការកើនឡើងក្នុងការលើកកម្ពស់អនាម័យ ការគ្រប់គ្រង និងសម្អាតទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងសិក្សា និងអនុវត្តន៍គម្រោងផ្សេង ៗ ដែលទាក់ទងនឹងវិស័យទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។

ជាពិសេស ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារក្រសួង និងជំនាញការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរនេះឱ្យលេចចេញជារូបរាងឡើង៕ ដោយ៖ ទេស ច័ន្ទសុធារី