ក្នុងរយៈពេលប៉ុន្មានខែ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលអំណោយជាច្រើនពីសប្បុរសជន

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

​ក្នុងរយៈពេលប៉ុន្មានខែនេះ មានក្រុមហ៊ុន អង្គការ និងសប្បុរសជនជាច្រើន បាន ជួយឧត្ថម្ភជាសម្ភារៈមកដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ហាញពីការចូលរួមចំណែកក្នុង ការបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ-១៩។

​គិតចាប់ពីថ្ងៃទី០៩ ខែមីនា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ មានសប្បុរសជន ដូចជា ក្រុមហ៊ុនឯកជន មន្ត្រីរាជការ អង្គការសង្គមស៊ីវិល បានជួយឧបត្ថម្ភសម្ភារៈយ៉ាង ច្រើនមកដល់រដ្ឋបាលរាជធានីភ្នំពេញរួមមាន៖ អាល់កុល ជែល ស្រោមដៃ អង្ករ សម្លៀកបំពាក់ការពារ និងឧបករណ៍កម្ចាត់មេរោគកូវីដ-១៩។

ក្រុមហ៊ុន និងសប្បុរជនដែល បានជួយឧត្ថម្ភមានដូចជា៖ ក្រុមហ៊ុនឡាក់គី, លោកជំទាវឧប នាយករដ្ឋមន្ត្រី ម៉ែន សំអន, ឯកអគ្គកររដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ,ក្រុមហ៊ុនណាហ្គាវើល, ក្រុមហ៊ុន TCU polys Enterpise, ក្រុមហ៊ុនLSV អង្គការការីតាសកម្ពុជា, ក្រុមហ៊ុនDW, ហាងគុយទាវ ឆ្ងាញ់ទសវត្សរ៍ទី៦០, ឯកឧត្ដម ហ៊ុន ម៉ានី និងក្រុមហ៊ុនលីលីហ្វូតលោកស្រី ខេង សារ៉ាក់។


​ក្នុងឱកាសនៃការទទួលអំណោយមនុស្សធម៌នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈកាយ វិការប្រកបដោយមនុស្សធម៌ និងគុណធម៌ទាំងនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាន់ពេលវេលា។


​ឯកឧត្ដម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ក្នុងការ បន្តផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាបន្តទៀត បើទោះបីនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជាសះស្បើយអស់ទាំង១២២នាក់ និងមិន មានការរីករាលដាបន្តទៀតយ៉ាងណាក្តី៕ ដោយ៖សួស សំរិត