អភិបាលខេត្តកំពង់ស្ពឺ នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត នៅស្រុកឧដុង្គ

AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធរបស់កាកបាទក្រហមកម្ពុជាទៅចែកជូនបងប្អូន ប្រជាពល រដ្ឋទីទ័លក្រ និងងាយរងគ្រោះចំនួន៦៦គ្រួសារនៅស្រុកឧដុង្គ ក្នុងនោះមកពីភូមិ ក្រាំងតាសោម ឃុំជំពូព្រឹក្សចំនួន៣៨គ្រួសារ និងភូមិក្រាំងក្រូច ឃុំព្រៃក្រសាំងចំនួន ២៨គ្រួសារ។ អំណោយដែលត្រូវចែកជូនជនងាយរងគ្រោះទាំង៦៦គ្រួសារនោះ ដោយក្នុង១ គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ប្រេងឆា ម៉ាស ទឹកអាល់ កុលលាង សម្អាតដៃ និងថវិកាមួយចំនួនផងដែរ

ក្នុងកាសនោះឯកឧត្តមអភិបាលខេត្ត បានក្រើនរម្លឹកថា បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺ COVID19 នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាលប្រកាសថាជា សះស្បើយ ទាំងអស់ទៅហើយក្តី តែយើងមិនត្រូវភ្លេចខ្លួននោះឡើយ ប្រជាពលរដ្ឋយើងត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជាប្រចាំតាមការ ណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវជួបជុំគ្នា ឬប្រមូលផ្តុំគ្នាទេ ជាពិសេសពលករ ដែលមកពីក្រៅប្រទេសត្រូវស្ថិតនៅដាច់ដោយ ឡែករយពេល១៤ថ្ងៃ ដោយអនុវត្តន៍តាម វិធានការការពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ចម្លងបន្តនៃជំងឺCOVID19

ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យ យកចិត្តទុកដាក់ នាំគ្នាដាំដុះ ដំណាំរួមផ្សំ បន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីធានាបានការ រស់នៅប្រចាំថ្ងៃក្នុងនោះដែរត្រូវធ្វើការដាំដុះ ចិញ្ចឹមសត្វទៅតាមបច្ចេកទេស កសិកម្មទើប ទទួលបានផលល្អ៕ ដោយ៖លឹម សាន្ត