រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ប្រគល់អំណោយផ្លែល្មើ ជូនដល់បណ្តាវិហារឥស្លាម សម្រាប់ស្រាយ បួសខែរ៉ាម៉ាឌន នៅទូទាំងស្រុកកោះសូទិន ខេត្ដកំពង់ចាម

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្រគល់អំណោយផ្លែល្មើ សម្រាប់ស្រាយ បួសខែរ៉ាម៉ាឌន ដល់បណ្តាវិហារឥស្លាម នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម និង បានផ្តល់ជូនថវិកាបន្ថែម ក្នុង១វិហារឥស្លាម ទទួលបានថវិកាចំនួន ១ លានរៀល។ ពិធីនេះបានធ្វើឡើង នាព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ។

តាមការបញ្ជាក់របស់ ឯកឧត្តម ស្លេះ ណាស៊ី បានឱ្យដឹងថា នេះជាឆ្នាំទី ៣ ហើយ ដែល មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានទទួលអំណោយជាផ្លែល្មើ ពីបណ្តាសប្បុរសជន នៅប្រទេស សិង្ហបុរី និងពីអេមីរ៉ាត អារ៉ាប់រួម សរុបចំនួន ១២ តោន។ ឯកឧត្ដមបានបន្ដថា សម្រាប់អំណោយជា ផ្លែល្មើនេះ គឺបែងចែកដល់វិហារឥស្លាមទាំង៦ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយការបែងចែកដល់ប្រជាពលរដ្ឋខ្មែរឥស្លាមសរុបជាង ១,៦០០ គ្រួសារ។ ក្រៅពីនេះ ក្រុមការងារមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នឹងចែកទៅតាមបណ្តាស្រុកផ្សេងទៀត ដែលមានបងប្អូនខ្មែរឥស្លាមរស់នៅផងដែរ។

ឯកឧត្តម ស្លេះ ណាស៊ី បានបញ្ជាក់បន្ថែមថា បើតាមមាគ៌ាទំនៀមទម្លាប់នៅក្នុងសាសនាឥស្លាមបានយល់ឃើញថា ផ្លែល្ម៉ើ បានផ្តុំឡើងដោយវីតាមីនជាច្រើនប្រភេទ នៅតំបន់ អារ៉ាប់ ហើយជាងនេះជាមាគ៌ានៃទម្លាប់ នៅពេលពិធីស្រាយបួស គឺសាសនិកឥស្លាម ទទួលទានចំនួន ២ ទៅ ៣ គ្រាប់មុនទទួលទានអាហារ ផ្សេងៗបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្រាប់ផ្លែល្មើ ចំនួន ២ តោន ដែលទទួលបានពីឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានយកទៅចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ ដោយក្នុង១ អគ្គនាយកដ្ឋាន ទទួលបានចំនួន ១០០គីឡូក្រាម ហើយសម្រាប់ស្ថានីយ៍វិទ្យុជាតិFM96 ទទួលបាន៥០ គីឡូក្រាម។

បន្ទាប់ពីបានទទួលអំណោយជាផ្លែល្មើ និងថវិកា រួចមក តំណាងបងប្អូនខ្មែរឥស្លាមក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម បានសម្ដែងនូវអំណរគុណចំពោះឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងក្រុមការងារទាំងអស់ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនខ្មែរឥស្លាម ហើយក៏បានផ្តល់នូវស្បៀងអាហារ ថវិកា និងផ្លែល្មើនេះ ដល់បណ្តាវិហារឥស្លាម ជារៀងរាល់ឆ្នាំផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់ពិធីស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំនេះគឺបានធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា