CNCC និងក្លឹបបាល់ទាត់ពិភាក្សាគ្នាលើពានរង្វាន់សម្តេចតេជោ និងលីគកំពូលកម្ពុជា រដូវកាល២០២០

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបើកកិច្ចប្រជុំជាមួយ​ក្លឹប​បាល់ទាត់ទាំង១៣ ដោយពិក្សាការងារពាក់ព័ន្ធនឹងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា នៃពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

កិច្ចប្រជុំនេះបានលើកការពិភាក្សា និងសំណូមពរនានា ស្តីពីការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និង លីគកំពូលកម្ពុជា រដូវកាល ២០២០ ប៉ុន្តែសេចក្តីសម្រេចយ៉ាងណានោះរង់ចាំ​ការសម្រេចពីថ្នាក់ដឹក​នាំរបស់ខ្លួន។

សូមរម្លឹកថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ទាំងពីរក្របខ័ណ្ឌនេះព្រមទាំងការប្រកួតយុវជនU16 និងU18 ក៏ត្រូវបានផ្អាកដំណើរការប្រកួតតាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០មកម្លេះ ដោយសារការចូលរួមទប់​ស្កាត់​នៃ​វិបត្តិជំងឺកូវីដ-១៩ ហើយរហូតមកដល់ពេលនេះការប្រកួតមិនទាន់ប្រកាសជាផ្លូវការឱ្យ​ដំណើរការ​ឡើង​វិញនៅឡើយទេ។ ចំពោះការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០ ត្រូវបានផ្អាក​ត្រឹម​ការប្រកួតជម្រុះថ្នាក់ខេត្ត ស្របពេលការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២០ ផ្អាកត្រឹម​សប្តាហ៍ទី៥ដោយក្រុមភ្នំពេញក្រោន ក្តោបក្តាប់ដំណែងលើកំពូលតារាងបណ្តោះអាសន្ន ក្នុងចំណោម៥​ប្រកួត ដែលមាន១៣ពិន្ទុ រីឯក្រុមការពារម្ចាស់ដំណែងជើងឯក រដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀង​កំពុង​ឈរនៅលេខ២ មាន១៣ពិន្ទុដែរ ហើយក្រុមរងជើងឯក ២០១៩ វិសាខា ឈរនៅលេខ៣ បណ្តោះអាសន្នជា​មួយនឹង៩ពិន្ទុ៕ដោយ ហេង ណាលីន