គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា អាចសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយស្នាដៃស្រាវជ្រាវនានារបស់ខ្លួន តាមរយៈបណ្ណាល័យឌីជីថល (BNEUF)

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថានរដ្ឋ ចំនួន២២រូប បានចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញ ដែលរៀបចំឡើងដោយការិយាល័យនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅកម្ពុជា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្តីអំពីការប្រើប្រាស់បណ្ណាល័យឌីជីថល (BNEUF)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AUF ដែល AKP ទទួលបាននារសៀលនេះ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធ្វើការបង្ហាញដល់សាកលវិទ្យាល័យជាសមាជិករបស់ AUF នូវរបៀបប្រើប្រាស់ និងស្រាវជ្រាវធនធានឯកសារ ការបញ្ចូលអ្នកជំនាញក្នុងបណ្តាញអ្នកជំនាញនៅលើពិភពលោក ការផ្សព្វផ្សាយស្នាដៃស្រាវជ្រាវនានារបស់សាស្ត្រាចារ្យជំនាញ និងផ្នែកស្រាវជ្រាវចូលក្នុងបណ្ណាល័យឌីជីថល BNEUF https://bneuf.auf.org/ ។

ក្នុងពិធីបើកកិច្ចប្រជុំនេះ លោក អ៊ឹម ក្រាវង្ស ប្រធានការិយាល័យរបស់ AUF​ នៅកម្ពុជា បានស្នើតំណាងគ្រឹះស្ថានឧត្តមសិក្សាជាសមាជិកឱ្យប្រើប្រាស់ធនធានក្នុងបណ្ណាល័យឌីជីថលនេះ និងសុំជួយផ្សព្វផ្សាយបន្តដល់គ្រប់មជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវ និងនិស្សិត ហើយក៏បានស្នើដល់គ្រឹះស្ថានឧត្តមសិក្សាទាំងឡាយចូលរួមផ្សព្វផ្សាយ និងចែករំលែកធនធានដែលមានស្រាប់ និងផ្ញើបញ្ជីឈ្មោះសាស្ត្រាចារ្យជំនាញ និងផ្នែកស្រាវជ្រាវដើម្បីដាក់បញ្ចូលក្នុងក្រាំងអ្នកជំនាញរបស់គ្រឹះស្ថានផ្ទាល់លើ BNEUF។​ ការណ៍នេះធ្វើឱ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលជាសមាជិករបស់ AUF អាចរំលេចខ្លួនលើឆាកអន្តរជាតិ និងផ្សព្វផ្សាយពីអ្នកជំនាញ និងធនធានស្រាវជ្រាវរបស់ខ្លួនលើ BNEUF បានយ៉ាងទូលំទូលាយ។

លោក អ៊ឹម ក្រាវង្ស បានលើកឡើងថា ៖ « ការដាក់បញ្ចូលឯកសារស្រាវជ្រាវ និងរបកគំហើញលើគ្រប់វិស័យ ជាពិសេសផ្នែកវប្បធម៌ ទំនៀមទម្លាប់ ជាភាសាជាតិក្តី ជាភាសាបរទេសក្តី ធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិអាចស្វែងយល់ពីកម្ពុជា ព្រមទាំងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញ និងសាកលវិទ្យាល័យកម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការផ្សេងៗនាពេលអនាគត» ។ លោកបានបន្តថានិស្សិត និងសាស្ត្រាចារ្យក៏អាចសិក្សាឯកសារស្រាវជ្រាវ តាមរយៈសៀវភៅផ្សេងៗ ដែលបានបោះពុម្ពផ្សព្វផ្សាយដោយគ្រឹះស្ថានជាតិ និងអន្តរជាតិបានយ៉ាងងាយស្រួលតាមរយៈបណ្ណាល័យនេះ ហើយអ្នកស្រាវជ្រាវក៏អាចរំលេចនូវស្នាដៃស្រាវជ្រាវរបស់ខ្លួនជាសាកលបានដែរ ត្បិតការបោះពុម្ពផ្សព្វផ្សាយនិក្ខេបបទ និងការស្រាវជ្រាវវិទ្យាសាស្ត្រកន្លងមកមិនទាន់មានលក្ខណៈទូលំទូលាយ ទាំងនៅកម្ពុជា ក៏ដូចជាលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា បណ្ណាល័យឌីជីថល BNEUF បង្កើតឡើងដោយ AUF ដែលមានការចូលរួមពីសាកលវិទ្យាល័យជាសមាជិកនៅទូទាំងពិភពលោក។ បច្ចុប្បន្ន បណ្ណាល័យមានធនធានឯកសារជាង១១លានច្បាប់ និងអ្នកជំនាញជាង២ម៉ឺននាក់។ និស្សិត និងសាស្ត្រាចារ្យអាចចូលប្រើប្រាស់ដោយសេរី និងឥតគិតថ្លៃ។ វាជាបណ្ណាល័យមួយដែលសំបូរបែប និងមានគ្រប់វិស័យ រួមចំណែកដល់អ្នកស្រាវជ្រាវ និងអ្នកសិក្សាពីចម្ងាយ ឆ្លើយតបនឹងបរិបទពិភពលោក ដែលកំពុងបន្ត និងពង្រីកការសិក្សាតាមអនឡាញ ដើម្បីការពារ និងប្រឆាំងការរីករាលដាលនៃមេរោគកូវីដ១៩។

រហូតដល់ពេលនេះ កម្ពុជាមានគ្រឹះស្ថានមួយចំនួន ដែលបានបញ្ចូលអ្នកជំនាញរបស់ខ្លួនរួចហើយក្នុងបញ្ជីអ្នកជំនាញ នៃបណ្ណាល័យ BNEUF ។ អ្នកជំនាញជាច្រើនទៀតនៅកម្ពុជានឹងត្រូវបញ្ចូលក្នុងបណ្តាញអ្នកជំនាញពិភពលោកជាបន្តបន្ទាប់ ដើម្បីធ្វើការសហការជាមួយសាកលវិទ្យាល័យអន្តរជាតិនានាលើពិភពលោក។

ក្រោយពីបានធ្វើបទបង្ហាញអំពីរបៀបចូលប្រើប្រាស់ និងការចុះឈ្មោះក្នុងបណ្តាញអ្នកជំនាញនៅលើ BNEUF រួចមក តំណាងគ្រឹះស្ថានឧត្តមសិក្សាមានការចាប់អារម្មណ៍ជាខ្លាំងចំពោះអត្ថប្រយោជន៍ នៃ     បណ្ណាល័យឌីជីថលនេះ។ នៅក្នុងបណ្ណាល័យនេះ ក្រៅពីមានឯកសារសិក្សាស្រាវជ្រាវដ៏សំបូរបែប នៅមានផែនទី និងផែនទីបង្ហាញអ្នកជំនាញ (Atlas de l’expertise) នៅតាមតំបន់ និងប្រទេសនានាលើពិភពលោក រួមនឹងបណ្តាញសង្គមដែលអ្នកសិក្សាអាចបង្កើតឡើងដោយផ្ទាល់នៅលើ BNEUF ដោយធ្វើការភ្ជាប់ជាមួយនឹងហ្វេសប៊ុក ឬក៏អ៊ីម៉ែល Google ផ្ទាល់ខ្លួនបានដោយងាយស្រួល ។

លោកស្រីបណ្ឌិត ម៉ែន ចាន់ទេវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានចាប់អារម្មណ៍ថា៖ មានចំណុចល្អៗណាស់សម្រាប់និស្សិត និងសាស្ត្រាចារ្យ អាចចូលស្រាវជ្រាវបាន ។ លោកស្រីបានស្នើ​ឱ្យអ្នកជំនាញរបស់ AUF​ ចូលរួមធ្វើបទបង្ហាញពីរបៀបប្រើប្រាស់ និងការចុះឈ្មោះតាមអនឡាញដល់និស្សិត និងលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ តាមកម្មវិធីដែលនឹងទទួលបានការឯកភាពពីសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ ចាប់ពីសប្តាហ៍ក្រោយ។

ដោយឡែកសាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខភិបាល និងសាកលវិទ្យាល័យមួយចំនួនទៀតក៏នឹងស្នើឱ្យ AUF ជួយរៀបចំធ្វើបទបង្ហាញដល់និស្សិត និងសាស្រាចារ្យក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ ដោយ នីកា