រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

​​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតវិសា​មញ្ញ និងពេញសមត្ថភាពនៃប្រទេស អូស្ត្រាលីប្រចាំកម្ពុជាបានប្រកាសថា រដ្ឋាភិបាលអូស្ត្រា​លី នឹ​ង​បន្តជួយឧបត្ថម្ភគាំទ្រដល់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការផ្តល់​ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តន៍គម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេ​វាសុខាភិបាលលើក កម្ពស់សន្តិសុខស្បៀង និងកែលម្អជីវភាពរបស់ប្រជាជន ជាពិសេស ប្រជា​ជននៅជនបទ អ្នកបាត់បង់ការងារនៅទីក្រុង ស្ត្រីរងគ្រោះដោយសារអំពើហិង្សា និងជនពិការ។

​ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យ​ក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រ​ទេ​ស​អូស្ត្រាលីប្រចាំកម្ពុជាបានបញ្ជាក់ថា ក្រៅពីការជួយរាជរដ្ឋាភិបាល កម្ពុជា ក្នុ​ងការប្រយុទ្ធប្រ​ឆាំ​ង​នឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលអូស្ត្រា​លីក៏មានគម្រោងវិនិយោគលើ ហេដ្ឋារច​នា​​សម្ព័ន្ធនៅជនបទផងដែរ មានដូចជា ប្រព័ន្ធធារាសាស្ត្រ បណ្តាញទឹកស្អាត និងបណ្តាញចែកចា​យ​អគ្គិសនីជាដើម។

​ជាមួយគ្នានេះ ​ឯកឧត្តម ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកទល់ពេលនេះសម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដា​ល​នៃជំងឺកូវីដ-១៩ ។
​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាកនេះ និងបានចូលរួមយ៉ាងសកម្ម និងទាន់ពេលវេលា ក្នុងបេសកកម្មប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

​បច្ចុប្បន្ន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និង កំពុងយ​ក​ចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចស្ថានភាពនៃធុរកិច្ច រួមទាំង វិនិយោគពីបរទេស ដែលកំពុងទទួលរងគ្រោះដោយសារជំងឺកូវីដ-១៩។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បី កៀរគរធនធានហិរញ្ញវត្ថុសម្រាប់អនុវត្តន៍គោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច, និងគាំពារសង្គម ជាពិសេស ផ្តោតលើការជួយដល់ប្រជាជន ក្រីក្រ និងជនងាយរងគ្រោះ។

​ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ហិរញ្ញប្បទានឥត សំ​ណង​​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេសលើវិស័យអប់រំ សុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ច។​

ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវា​ង​ប្រទេសទាំងពីរ​កម្ពុជា​និងអូស្ត្រាលី ត្រូវបានពង្រឹង និងពង្រីកជា បន្តបន្ទាប់ ហើយបាននាំមកនូវល​ទ្ធផលប្រកបដោយផ្លៃផ្កា។ ជាក់ស្តែង, ក្នុងពេលដែល រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ រដ្ឋាភិបាលអូស្ត្រាលី ក៏បានជួយបន្ថែម ទៀតដល់វិស័យសុខាភិបាល ក៏ដូចជាបានតម្រឹមកិច្ចសហប្រតិ​ប​ត្តិ​ការអភិវឌ្ឍន៍របស់ខ្លួន សំដៅជួយស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ៕ ដោយ៖ គង់ សិរីរ័ត្ន