សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ សន្តិភាពថ្ងៃនេះគឺអ្នកស្នេហាជាតិ យកជីវិតទៅប្តូរ

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាឥស្សរជនជាន់ខ្ពស់ជាតិ មួយរូប ដែលបានចូលរួមរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម បានលើកឡើងថា សុខ សន្តិភាពដែលកម្ពុជាទទួលបាននាពេលនេះ មិនមែនកើតមកដោយងាយៗនោះឡើយ គឺបាន ដោយឥស្សរជនស្នេហាជាតិយកអាយុជីវីតទៅប្តូរ។

នៅក្នុងឱកាសទិវាជាតិ នៃការចងចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ២០ ឧសភានេះ សម្តេចប្រធានរដ្ឋសភា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួបរួមគ្នា ការពារថែរក្សាឱ្យបាននូវសុខសន្តិភាពនេះ ឱ្យគង់វង្សរហូតទៅ ដើម្បីទទួលបានការអភិវឌ្ឍ តទៅមុខទៀត។

សម្តេចបានគូសបញ្ជាក់ថា មានតែសុខសន្តិភាពទេ ដែលផ្តល់ឱកាសឱ្យយើងមាន លទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនឆាប់រហ័សនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា ដោយមើលឃើញ ពីគ្រោះមហន្តរាយនិងទុក្ខវេទនា របស់ប្រជាពលរដ្ឋនិងប្រទេសជាតិបែបនេះ ទើបមានកម្លាំង ស្នេហាជាតិមួយ បានកើតឡើង ដើម្បីវាយរំលំរបបប្រល័យពួជសាសន៍ប៉ុលពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ ៧ មករា​ ឆ្នាំ១៩៧៩ ជាថ្ងៃផ្តល់កំណើតទី២​ ដល់ប្រជាពលរដ្ឋ ខ្មែរ ជាថ្ងៃស្រោចស្រង់​ និងកសាងប្រទេសជាតិចេញពីគំនរផេះផង់ ឈានមកទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ៕ដោយ ប៉ាល់ សុង