អភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍នាំទឹក ឃុំកំពង់ព្រះ ស្រុកសង្កែ ប្រើប្រាស់ប្រចាំថ្ងៃ

AKP បាត់ដំបង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

នៅរសៀលថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិ បាលខេត្តបាត់ដំបង អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានចូលរួមពិនិត្យស្ថានភាពទឹកតាមប្រឡាយក្នុងភូមិសាស្ត្រស្រុកសង្កែ ពិសេសក្នុងឃុំកំពង់ព្រះ ចុងប្រឡាយលេខ៧ ដែលកំពុងជួបបញ្ហាប្រឈមខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ។

លោក សុខ ហឿន អភិបាលស្រុកសង្កែ បានឱ្យដឹងថា ភូមិសាស្ត្រឃុំកំពង់ព្រះ ជាឃុំមួយ ក្នុងចំណោមឃុំទាំង១០ របស់ស្រុកសង្កែ ដែលភូមិសាស្ត្រនេះធ្វើឱ្យពលរដ្ឋក្នុងឃុំតែងជួបបញ្ហាខ្វះទឹក ។ ចំពោះការនាំទឹកមកឱ្យប្រជាពលរដ្ឋបានប្រើប្រាស់នាពេលនេះ គឺត្រូវនាំមកយូរថ្ងៃដែរ ទើបធ្លាក់ដល់តាមភូមិ ដែលក្នុងការនាំមកនេះ ក៏បានជួបឧបសគ្គផងដែរ ដោយសារមានប្រជាពលរដ្ឋរស់នៅឃុំផ្សេងទៀតពីខាងលើ មិនត្រឹមតែបូមដាក់ស្រះនោះទេ មានអ្នកខ្លះបូមដាក់ស្រែទៀតផង។ ដែលបញ្ហាទាំងនេះធ្វើឱ្យទឹកហូរមកយឺត អាចមិនគ្រប់គ្រាន់សម្រាប់អ្នកខាងក្រោមប្រើប្រាស់ ។ ចំណែកទឹកនៅខាងលើក៏មិនមានច្រើនប៉ុន្មានដែរ បើពុំមានអ្នកខាងលើបូមទឹកដាក់ធ្វើស្រែនោះទេ កម្លាំងទឹកដែលទម្លាក់នេះ អាចមកដល់គោលដៅ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់ ។

អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅបែកខាងលើ រស់នៅជាប់នឹងប្រឡាយ ដែលកំពុងនាំទឹកមកពេលនេះ កុំនាំគ្នាបូមទឹកធ្វើស្រែឱ្យ សោះ ព្រោះទុកទឹកឱ្យធ្លាក់ទៅដល់ឃុំកំពង់ព្រះ ដើម្បីឱ្យប្រជាពលរដ្ឋនៅទីនោះ បានប្រើប្រាស់ប្រចាំថ្ងៃផង និងមិនត្រូវនាំបំបែកតាមប្រឡាយផ្សេងៗ ទៅកាន់កន្លែងណានោះទេ ។ ជាមួយគ្នានោះឯកឧត្តម ក៏បានចាត់អភិបាលរងខេត្ត ១រូប ដើម្បីដឹកនាំក្រុមការងារចុះអន្តរាគម ន៍នាំទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅឃុំកំពង់ព្រះ ផងដែរ ៕​ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)