សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនស្រ្តីមានជំងឺមហារីកសុដន់

AKP មណ្ឌលគិរី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

នៅរសៀលថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមដំណើរដោយមន្រ្តីនៃ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្ត រួមទាំងសមាជិក សមាជិកាសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និង សប្បុរសជននានា ផ្តល់ជូនស្រ្តីមានជំងឺមហារីកសុដន់ម្នាក់ ឈ្មោះ ញ៉ាញ នឿន អាយុ៤១ឆ្នាំ ដែលមានជីវភាពក្រីក្រ រស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកស្រី វិន ស៊ីធួន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខុមាលភាព ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោកស្រី ក៏បានជូនពរដល់អ្នកជំងឺឱ្យឆាប់ជាសះស្បើយ និងត្រូវថែទាំសុខភាពឱ្យបានល្អ តាមរយ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រី វិន ស៊ីធួន បញ្ជាក់ថា អំណោយដែលផ្តល់ជូនស្រ្តីមានជំងឺមហារីកសុដន់ម្នាក់ ឈ្មោះ ញ៉ាញ នឿន នាពេលនេះ រួមមាន៖ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ឧបត្ថម្ភអង្ករ ២៥គីឡូក្រាម, មី, ទឹកបរិសុទ្ធ, និងថវិកា ២លានរៀល។  អំណោយរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឧបត្ថម្ថថវិកាចំនួន ៥៤ម៉ឺនរៀល។ អំណោយរបស់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្ត បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ហើយថវិកាទាំងនេះ គឺជាទឹកចិត្តរបស់សប្បុរសជន ក្នុងការជួយដោះស្រាយការលំបាកបានមួយកម្រិតផងដែរ ៕ ដោយ៖ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)