ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាវិកថ្មីឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលនាវិកថ្មីឆ្នាំ២០២០

AKP ព្រះសីហនុ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

រសៀលថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាវិកថ្មីឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលនាវិកថ្មីឆ្នាំ២០២០ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដែលមានទីតាំងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមរបាយការណ៍វគ្គហ្វឹកហ្វឺនពលនាវិកថ្មី ចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ្រ មានសិក្ខាកាមចូលរួមចំនូន ២៥០នាក់ ក្នុងនោះគ្រូបង្វឹក ១១នាក់ និងសិក្ខាកាម ២៣៩នាក់ ជាពលនាវិកជ្រើសរើសថ្មី ។ ហ្វឹកហាត់រយ:ពេល ៣ខែ មានដូចជា លំហាត់របៀបអប់រំចិត្តសាស្ត្រ អប់រំសុខាភិបាល ភស្តុភារ-ហិរញ្ញវត្ថុ កាយសិក្សាយោធា បច្ចេកទេសប្រើប្រាស់អាវុធថ្មើរជើង យុទ្ធវិធីប្រយុទ្ធថ្នាក់បុគ្គល និងបាញ់ស៊ីប ។ ជាលទ្ធផលសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ៩៩នាក់ ស្មើ ៤១,៤២ភាគរយ ល្អបង្គួរ ១០២នាក់ ស្មើនឹង ៤២,៦៨ភាគរយ និងមធ្យម ៣៨នាក់ ស្មើនឹង ១៥,៩០ភាគរយ ។

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយនាវី ពលនាវិក ។ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើវិស័យអប់រំបណ្តុះបណ្តាល ដើម្បីបង្កើនធនធានមនុស្ស ក្លាយជាកម្លាំងស្នូល និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំតាមជំនាញ ឯកទេសថែមមួយកម្រិតទៀត។ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការហ្វឹកហាត់ ផ្ទេរចំណេះដឹងដល់នាវិកថ្មី ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សទទួលបានជោគជ័យ ដើម្បីបម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបម្រើ និងការពាររាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កងយោធពលខេមរៈភូមិន្ទ ។ ម្យ៉ាងទៀតវិស័យកងទ័ពជើងទឹកទាំងពេលបច្ចុប្បន្ន និងទៅអនាគត មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ បញ្ជាលើគ្រប់ស្ថានភាព ទាំងគ្រឿងបំពាក់ សម្ភារបច្ចេកទេស អាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ៖ ងូ សុមុនី