ប្រជាពលរដ្ឋ ជួបការខ្វះខាតស្បៀង១០០គ្រួសារក្នុងស្រុកមង្គលបូរី ទទួលបានអំណោយរដ្ឋបាល ខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

ប្រជាពលរដ្ឋក្រីក្រជួបការខ្វះខាត១០០ គ្រួសារ នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមាន​ជ័យ បានទទួលអំណោយស្បៀងអាហាររបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួល​ដល់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈ ក្នុង គ្រាជួបការលំបាកដោយសារតែការរីករាលដាល​ជំងឺ​កូវីដ-១៩នេះ។

ឯកឧត្តម ​អ៊ុំ ​រាត្រី ​អភិបាល​នៃគណៈអភិបាលខេត្ត​បន្ទាយមានជ័យ រួមនឹងក្រុមការងារ​ ​បាននាំយកអំណោយជាស្បៀងអាហារនេះ ទៅចែកដល់ដៃប្រជាពលរដ្ឋក្រីក្រជួបការលំបាក​ ចំនួន១០០គ្រួសារ​ នៅឃុំស្រះរាំង​ ស្រុកមង្គលបូរី​កាលពី រសៀលថ្ងៃអង្គារ ១៣រោច​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ​២០២០។

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍លើកឡើងថា អំណោយសប្បុរសធម៌​ដែលបានយកមកចែកទាំងអស់នេះ ជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះ ប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែ​យកចិត្តទុកដាក់ដោះ ស្រាយរាល់ការលំបាកជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង សម្រាប់​គ្រប់ៗគ្នា មិនទុកនរណា ម្នាក់ចោល​នោះ​ឡើយ។

ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា ថ្វីត្បិតស្រុក ទេសយើង មានសភាពស្ងប់ស្ងាត់ពីបញ្ហាកូវីដ-១៩ មែនពិត ប៉ុន្តែសូមប្រជាពលរដ្ឋយើងទាំងអស់គ្នាកុំ ធ្វេសប្រហែសឱ្យសោះ ព្រោះវាឆ្លងមិនរើសមុខទេ មិនរើសឋានៈ បុណ្យសក្ដិតួនាទីណាទេ ឱ្យ តែប្រហែសគឺឆ្លងមិនខានឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាទប់ស្កាត់កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា តាមរយៈការរក្សាអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ជាមួយទឹកស្អាត ជេលអាល់កុល ទឹកអាល់ កុល ឬទឹកសម្លាប់មេរោគ ត្រូវរក្សាគម្លាតគ្នា ផ្អាកការជួបជុំ ផឹកស៊ី​មួយរយៈសិននិងត្រូវពាក់ ម៉ាស់ឱ្យបានត្រឹមត្រូវ ៕ ដោយ៖ ឈុន សារ៉ាត