គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង បានទទួលអំណោយពីរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយកអំណោយរបស់រាជរដ្ឋភិបាលកម្ពុជាតាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង ចែកជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រខ្វះខាតស្បៀង ស្ថិតនៅឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ចំនួន៣០គ្រួសារ កាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ពិសេសមនុស្សចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយ​មេរោគអេដស៍ ជាដើមគ្រប់ពេលវេលា ។ ទោះបីជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិត ក្នុងកាលៈទេសៈប្រទេសជាតិកំពុងទទួលរងគ្រោះ ដោយជំងឺរាលត្បាតកូវីដ-១៩ នោះផង។

ឯកឧត្តមអភិបាលរងខេត្ត បានបន្ដថា បើទោះជាតួលេខដែលបង្ហាញដោយក្រសួងសុខាភិបាល បានបញ្ជាក់ពីការថយចុះ និងការព្យាបាលជាសះស្បើយបាន១០០ភាគរយករណីយ៉ាងណាក្តី តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ រីឯវ៉ាក់សាំងការពារ ក៏ពុំទាន់មានការបញ្ជាក់យ៉ាងណានោះដែរ ។ ដូចនេះយើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ក្រុមគ្រួសារ និងរួមគ្នាបង្ការ ទប់ស្កាត់ជំងឺនេះ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ សារាចរណែនាំជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការចំណាយ និងទទួលបានសុវត្ថិភាពសម្រាប់សេចក្ដីសុខក្នុងក្រុមគ្រួសារ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត  និងក្រុមការងារអមដំណើរ បានផ្ដល់អំណោយជូនជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រខ្វះខាតស្បៀង ចំនួន៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, និងក្រមា១៕ ដោយ៖ បៃ ស៊ីថុន