អភិបាលខេត្ត ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និង ផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅស្រុកកៀនស្វាយ

AKP កណ្ដាល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និង ផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅស្រុកកៀនស្វាយ ដោយមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធជាច្រើននាក់ នៅស្រុកកៀនស្វាយ ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩ បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាតនៃជំងឺនេះ ដោយឱ្យពួកគាត់អនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស លាងដៃនឹងសាប៊ូ ជាមួយទឹកស្អាត ឬអាល់កុល ឬជែលឱ្យត្រឹមត្រូវ។

ឯកឧត្តម ក៏បានស្នើឱ្យអាជ្ញាធរត្រូវកែប្រែឥរិយាបថពីអ្នកត្រួតត្រាទៅជាអ្នកផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតប ដោយប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយរួមសាមគ្គីភាព សហការគ្នាយ៉ាងសកម្មក្នុងការផ្ដល់សេវាសាធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុង  ខេត្ត។ ពិសេសត្រូវបន្តអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ត្រូវធ្វើយ៉ាងណាខិតខំរួមគ្នាលុបបំបាត់ឱ្យបាននូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរ កម្មគ្រប់ប្រភេទក្នុងមូលដ្ឋាន ដើម្បីធានាឱ្យបាននូវភាពសុខសាន្ត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវថវិកា និង សម្ភារមួយចំនួន ដូចជា ម៉ាស ជែលលាងដៃ និង សារុង ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមក្នុងពិធីនេះផងដែរ​ ៕ ដោយ៖ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តកណ្តាល)