ក្រសួងបរិស្ថាន គាំទ្រប្រព័ន្ធឌីជីថលស្វ័យត្រួតពិនិត្យ តាមដានគុណភាពបរិស្ថាន ពីទីតាំងប្រភពបំពុល

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នា២០២០ បានទទួលប្រព័ន្ធឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន ពីទីតាំងប្រភពបំពុល ពីលោក Guo Yanping ប្រធានក្រុមហ៊ុន GUOAO (Cambodia) Environmental Engineering Co., Ltd ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា ពិធីប្រគល់ និងទទួល ប្រព័ន្ធឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន ពីទីតាំងប្រភពបំពុលរៀបចំឡើងដោយមានវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង និងតំណាងក្រុមហ៊ុនមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានលើកឡើងថា ក្រសួងបរិស្ថានបានផ្តល់លិខិតអនុញ្ញាតឱ្យក្រុមហ៊ុននេះ ផ្តល់សេវាបំពាក់ប្រព័ន្ធឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថានពីដំណើរការប្រព្រឹត្តិកម្មសំណល់រាវ និងការបញ្ចេញឧស្ម័នពីបំពង់ផ្សែង។ ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធគ្រប់គ្រង និងបញ្ជូនទិន្នន័យដោយស្វ័យប្រវត្តិ និងមានការដំឡើង ដើម្បីតាមដានដល់រោងចក្រ សហគ្រាស ដែលមានសក្តានុពលបំពុលបរិស្ថានផងដែរ។

ប្រព័ន្ធឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន ពីទីតាំងប្រភពបំពុលនិងបំពេញការងារសំខាន់ៗ ដូចជា៖ ១-តាមដានស្ថានភាពកំពុងដំណើរការប្រព្រឹត្តិកម្មសំណល់ រាវ នូវប្រភពបំពុល និងភាពមិនប្រក្រតី នៃអាងប្រព្រឹត្តិកម្មសម្អាតមិនគោរពតាមគោលការណ៍បច្ចេកទេស សំដៅធានាថា លទ្ធផលនៃដំណើរប្រព្រឹត្តិកម្មសំណល់រាវ របស់ប្រភពបំពុលប្រកបដោយតម្លាភាព។ ២-តាមរយៈការផ្តល់សញ្ញា ឬទិន្នន័យដោយឧបករណ៍ស្វ័យ ប្រវត្តិ ក្រសួងបរិស្ថានអាចចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានទាន់ពេលវេលា ដល់ប្រភពបំពុល ចំពោះភាពខ្វះខាតដំណើរការប្រព្រឹត្តិកម្មសំណល់រាវរបស់ខ្លួន។

៣-កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយ នៃការចុះអធិការកិច្ចនៅប្រភពបំពុលនានា ដែលអាចកើតមាន។ ៤-កាត់បន្ថយការរំខានដល់ម្ចាស់រោងចក្រ សហគ្រាសនានា ព្រមទាំងសម្ដែងពីភាពស្មោះត្រង់ និងតម្លាភាព ស្របតាមកំណែទម្រង់ការងាររបស់ក្រសួងបរិស្ថាន ដោយប្រើប្រាស់ប្រព័ន្ធអនឡាញ ពីមនុស្សច្រើនធ្វើការតិច មកមនុស្សតិចធ្វើការច្រើន ដើម្បីកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងអំឡុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ៕ ដោយ៖ ពេជ្រ ណារិទ្ធ