សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ១៩.០៥.២០

១.ឥណ្ឌា៖ វីរុសឆ្លងកូវីដ១៩ក្នុងប្រទេសឥណ្ឌាបានផ្ទុះឡើងដល់ចំនួន ១០០.១៦១ករណីនិងមានមនុស្សស្លាប់ចំនួន ៣.១៤៤នាក់ហើយដែលធ្វើឲ្យប្រទេសឥណ្ឌាក្នុងពេលនេះមានករណីឆ្លងច្រើនជាងគេនៅអាស៊ី ។ ករណីជាច្រើនបានកើតនៅតាមតំបន់ជនបទ ខណៈដែលពលករចំណាក ស្រុករាប់លាននាក់បានធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញ ។

២.អឺរ៉ុប៖ ប្រទេសបារាំងនិងអាឡឺម៉ង់បានស្នើផ្តល់ទឹកប្រាក់ជំនួយចំនួន ៥០០ ពាន់លានអឺរ៉ូ ប្រហែល ៥៤៥ពាន់លានដុល្លារអាមេរិកដើម្បីជាមូលនិធិសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់សហគមន៍អ៊ឺរ៉ុបពីការបំផ្លិចបំផ្លាញដែលបានកើតឡើងដោយវីរុសកូវីដ១៩ ។ មូលនិធិនេះ គឺដើម្បីយកទៅជួយក្នុងវិស័យនិងតំបន់ដែលរងគ្រោះខ្លាំងជាងគេនៅក្នុងសហភាពដែលមានសមាជិកទាំង ២៧ ប្រទេស។

៣.អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីយ៉ូហ្គុយទែររ៉េសបាននិយាយថាវីរុសរាតត្បាតកូវីដ១៩គឺជាជួងដាស់តឿនដល់ពិភពលោកត្រូវតែរួបរួមគ្នាថែមទៀតក្នុងការឆ្លើយតបនឹងវិបត្តិនេះ ដែលវាជាបញ្ហាប្រឈមដ៏ធំបំផុតក្នុងយុគសម័យនេះហើយបានបង្ហាញពីភាពផុយស្រួយរបស់ពិភពលោកផងដែរ។

អត្ថបទ ឆាយ វីកាល