របៀបវារៈសំខាន់ៗចំនួនពីរ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ នៃផែនការសកម្មភាពឆ្ពោះទៅ ស៊ីហ្គេម ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០–

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ​លើកទី​៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការជំនាញរបស់ខ្លួន នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ ដោយផ្តោតសំខាន់លើរបៀបវារៈចំនួន២សំខាន់ៗ។

បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឱ្យដឹងថា​កិច្ចប្រជុំបាន​ពិនិត្យពិគ្រោះយោបល់ស្តីពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ និងបទបង្ហាញទិស​ដៅ​ការងារ-តួនាទីភារកិច្ចរបស់គណៈកម្មការជំនាញសំខាន់ៗចំនួន៦ ក្នុងចំណោម១៤គណៈកម្មការ។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធនេះផ្តោតលើផ្លូវតភ្ជាប់ពីក្នុងរាជធានីភ្នំពេញឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយ​ឯកឧត្តម ហួត ហៃ អភិបាលរងសាលារាជធានីភ្នំពេញបានផ្តល់ព័ត៌មាន ដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់តភ្ជាប់ពីរាជធានីភ្នំពេញទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទនៃព្រឹត្តិ ការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៥ម៉ឺន ទៅ៦ម៉ឺននាក់​នឹងចូលរួមក្នុងពេលតែមួយ។

ឯកឧត្ដមបានថ្លែងថា យើងត្រូវការរៀបចំផ្លូវអាទិភាពសម្រាប់ការតភ្ជាប់ ដោយ​សាលារាជធានីភ្នំពេញបានរៀបចំគម្រោងរួចហើយនូវការសាងសង់ផ្លូវថ្មីចំនួន២ខ្សែ ដោយខ្សែទី១ភ្ជាប់ពីផ្លូវ OCIC ឆ្ពោះទៅវិមានឈ្នះឈ្នះតែម្តង។ ខ្សែទី២គឺជាផ្លូវស្របតាមដងទន្លេសាបពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិនឆ្ពោះទៅដល់ចំណុចស្ពានលីយ៉ុងផាត់ (បុកមកមហាវិថីឈ្នះឈ្នះដែរ)។ ឯកឧត្តម បន្ថែមថា នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញដែលគ្រោងនឹងសាងសង់ផ្លូវពីរខ្សែថ្មីនេះឱ្យ​រួច​រាល់នៅ​ក្នុងឆ្នាំ២០២២ ពោលគឺមុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលផ្លូវ២ខ្សែនេះនឹងជួយរំដោះការ​កក​ស្ទះពី​ផ្លូវជាតិលេខ៦បាន។

ជាមួយគ្នានេះដែរ កិច្ចប្រជុំផ្តោតសំខាន់ផងដែរទៅលើតួនាទីភារកិច្ចរបស់គណៈកម្មការជំនាញ​ចំនួន៦ ក្នុងចំណោមគណៈកម្មការជំនាញរបស់ខ្លួនចំនួន១៤ ដែលគណៈកម្មការជំនាញនេះគឺជាគណៈកម្ម​ការ​ដឹកមុខ នៅក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយគណៈកម្មការជំនាញទាំងនោះ​បាន​យល់ច្បាស់ពីតួនាទីភារកិច្ចច្បាស់លាស់។ ឯកឧត្ដមបានអះអាងថា ចាប់ពីពេលនេះតទៅគណៈកម្មការ​ជំនាញ​ទាំងនេះបានចាប់ផ្តើមរៀបចំផែនការការងាររបស់ខ្លួន ហើយជារៀងរាល់សប្តាហ៍ឯកឧត្តមប្រធានអង្គ​ប្រជុំ​នឹងបន្តពិនិត្យមើលលើផែនការសកម្មភាពរបស់គណៈកម្មការជំនាញម្តងពីរៗ ក្នុងមួយសប្តាហ៍។ ទន្ទឹម​នេះ ឯកឧត្តមប្រធានអង្គប្រជុំនឹងត្រួតពិនិត្យលើវឌ្ឍនភាពការងារជូនទៅសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC និងស្នើសុំជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងករណីពាក់ព័ន្ធ។

“ជាលទ្ធផលយើងទទួលបានព័ត៌មានល្អពីសាលារាជធានីភ្នំពេញនៃគម្រោងកសាងផ្លូវបេតុងថ្មី២ខ្សែ និងទទួលបានការលើកទឹកចិត្តឱ្យគណៈកម្មការជំនាញរួមគ្នាធ្វើការងារនេះឱ្យរួចរាល់នូវផែនការការងាររបស់ខ្លួន និងជំរុញផែន ការទាំងអស់ឱ្យដល់គោលដៅ តាមអ្វីដែលយើងចង់បាន ដើម្បីឱ្យរួចរាល់ក្នុងការទទួល​ស្វាគមន៍ និងដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ត្រ”។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕ ដោយ៖ហេង ណាលីន