រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ខែ្ស ដើម្បីឆ្លើយតបទៅ​នឹងបញ្ហាកកស្ទះ​ចរាចរណ៍ក្នុងពេលបច្ចុប្បន្ន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០–

ផ្លូវក្រោមដី៣ ខ្សែដែលនឹងអាចជួយដោះស្រាយការកកស្ទះចរាចរណ៍ក្នុងតំបន់សំខាន់ៗ ចំនួន៣នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងសាងសង់នៅតំបន់ចំណុចផ្លូវជាតិលេខ១​ ផ្លូវ​សហព័ន្ធ​រុស្ស៊ី ស្ថិតនៅខាងមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ដុំក្ដាន់ពីរ ក្បែរ​​ក្រសួងការពារជាតិ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវ​ក្រោមដីចំនួន ៣ ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជ​ធានី​ភ្នំពេញ ក្នុងការជួយសម្រួលរំដោះចរាចរណ៍ដែលតែងតែកកស្ទះ។

ឯកឧត្ដមបាន​បន្ដ​ថា ផ្លូវក្រោមដីទាំង៣ ខ្សែនោះរួមមាន គម្រោងផ្លូវក្រោមដីដែលឆ្លងកាត់ផ្លូវជាតិ​លេខ១ រដ្ឋ​បាល​រាជ​ធានីភ្នំពេញ​ និងក្រុមហ៊ុនបុរីប៉េងហួត​បានឯកភាពគ្នាលើគម្រោងស្ថាបនា​ផ្លូវ​ក្រោម​ដីដែល​តភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

គម្រោងនេះគឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានសំណូមពរទៅដល់ក្រុមហ៊ុនបុរីប៉េងហួត នូវ គម្រោង​ស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​ មកផ្លូវជាតិលេខ១ ដើម្បី កុំឱ្យ​មានការ​កកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់ នៅក្នុង​បុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ។ គម្រោងទី២ ផ្លូវក្រោមដី នៅម្ដុំខាងមុខវិទ្យាស្ថានភាសាបរទេស តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងគម្រោងទី៣ ស្ថិត​នៅម្ដុំទីតាំងក្ដាន់ពីរ ជិតក្រសួងការពារជាតិ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការស្ថាបនា ផ្លួវក្រោមដីនេះ គឺជាយន្ដការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាលក្ខណៈយូរអង្វែង​ដែល​ជួយសម្រួលដល់ការចេញ-ចូល របស់សិស្សនិសិត្សនៅសាកលវិទ្យាល័យភូមិភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ ខណៈផ្លូវសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ន មាន​ស្ថានភាពចរាចរណ៍មមាញឹកខ្លាំង ដែលប្រឈមការកកស្ទះចរាចរណ៍ និងរំខានដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាន​បញ្ជាក់ឱ្យដឹងថា ចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីត្រង់ចំណុចមុខវិទ្យាស្ថានភាសា បរទេស គឺ​រត់​ពី​ក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យា​ស្ថាន​​ភាសា បរទេសតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតបានចេញ-ចូលមិន​ប្រឈម​នឹងការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ លោកបានបន្ថែមថា ចំណែកនៅ តំបន់កា្ដន់​ពីរវិញ ផ្លូវក្រោមដីនេះ ក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរ ដោយភ្ជាប់ពីផ្លូវ​១៦៩ ឆ្ពោះ​ទៅ​ផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ៕ ដោយ៖សួស សំរិត